ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ជំរុញអ៊ីស្រាអែល ឲ្យបញ្ឈប់ ការសាងសង់លំនៅឋាន ក្រោយមានការដេញថ្លៃថ្មី

បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវឲ្យប្រទេសអ៊ីស្រាអែល ផ្អាកការសាងសង់លំនៅស្ថាន និងឈប់បន្តការដេញថ្លៃ សម្រាប់ផ្ទះលំនៅឋានថ្មីចំនួន១.៣០០ផ្ទះ នៅក្នុងតំបន់ West Bank ដែលត្រូវបានប្រកាស កាលពីចុងសប្ដាហ៍កន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យមួយរូបរបស់គណៈកម្មការ ប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយដូច្នេះថា “លំនៅស្ថាននោះ គឺមានភាពខុសច្បាប់ ស្ថិតក្រោមច្បាប់អន្តរជាតិ និងជាឧបសគ្គដ៏ធំមួយ ក្នុងការសម្រេចបាននូវដំណោះស្រាយ ប្រទេសពីរ និងសន្តិភាព ដ៏ទូលំទូលាយយូរអង្វែង រវាងភាគីនានា”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ynetnews នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនោះបានបន្ថែមថា សហភាពអឺរ៉ុប បានធ្វើការបញ្ជាក់ជាប់ជានិច្ចថា ខ្លួននឹងមិនទទួលស្គាល់ការផ្លាស់ប្តូរណាមួយ ចំពោះព្រំដែនមុនឆ្នាំ១៩៦៧ទេ ដោយរួមទាក់ទងនឹងទីក្រុងយេរូសាឡឹម ក្រៅពីកិច្ចព្រមព្រៀងធ្វើឡើង ដោយភាគីទាំងពីរនោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរដែនដី នៃប្រទេសអ៊ីស្រាអែល បានបង្ហោះពីការដេញថ្លៃសម្រាប់ផ្ទះថ្មី ដែលនឹងកសាងនៅក្នុង ទីលំនៅជាច្រើន ក្នុងតំបន់ West Bank ដែលស្ថិតនៅលើដី ដែលពួកប៉ាឡេស្ទីនចង់ឲ្យក្លាយជារដ្ឋអនាគត៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×