ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការគំរាមកំហែងរបស់អ៊ីស្រាអែល ហើយប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឹងមាត់

តេអេរ៉ង់៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani បានបដិសេធការគំរាមកំហែងនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល ហើយបានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងតឹងរ៉ឹងរបស់ប្រទេសលោក។

លោកបានព្រមានថា អ៊ីស្រាអែល គួរតែគិតអំពីការកសាងឡើងវិញនូវការខូចខាត ដែលបណ្តាលមកពីការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយសំដៅទៅលើការបែងចែកមូលនិធិដ៏ច្រើនរបស់អ៊ីស្រាអែល ដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Shamkhani បានសរសេរតាម Twitter ថា“ ជំនួសឱ្យការផ្តល់ថវិកាចំនួន ១,៥ ពាន់លានដុល្លារ សម្រាប់អំពើឃោរឃៅប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ របបស៊ីយ៉ូននិយម (អ៊ីស្រាអែល) គួរតែផ្តោតលើការផ្តល់មូលនិធិរាប់ពាន់លានដុល្លារ ដើម្បីជួសជុលការខូចខាត ដែលនឹងបណ្តាលមកពីការឆ្លើយតបដ៏ភ្ញាក់ផ្អើលរបស់អ៊ីរ៉ង់” ។ ។

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ថា អ៊ីស្រាអែល បានផ្តល់ថវិកាចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ដោយ ឈូក បូរ៉ា

To Top