ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន នឹងដឹកនាំគណៈប្រតិភូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនិម្មិតជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារនេះ ដែលជាលើកទីមួយក្នុងរយៈពេល ៤ឆ្នាំដែលទីក្រុងវ៉ាស៊ីនតោននឹងចូលរួមនៅកម្រិតកំពូលជាមួយប្លុក ដែលខ្លួនមើលឃើញថា ជាគន្លឹះនៃកិច្ចប្រជុំនេះជាយុទ្ធសាស្ត្រទប់ទល់នឹងចិន

ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បានឲ្យដឹងថា លោក បៃដិន នឹងដឹកនាំគណៈប្រតិភូអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចប្រជុំជាបន្តបន្ទាប់នៃមេដឹកនាំអាស៊ាន ក្នុងសប្តាហ៍នេះ។

សហរដ្ឋ អាមេរិក មិន បាន ចូល រួម កិច្ច ប្រជុំ ក្នុង កម្រិត ប្រធានាធិបតី នោះទេ ចាប់ តាំង ពី អ្នក កាន់ តំណែង មុន របស់ លោក បៃដិន គឺ លោក ដូណាល់ ត្រាំ បាន ចូល រួម កិច្ច ប្រជុំ អាស៊ាន-អាមេរិក នៅ ក្នុង ទីក្រុង ម៉ានីល ក្នុង ឆ្នាំ ២០១៧។

អ្នកវិភាគលើកឡើងថា កិច្ចប្រជុំរបស់លោក បៃដិន ជាមួយប្លុក១០ប្រទេស ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោក ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីរុញច្រានប្រឆាំងនឹងប្រទេសចិន។

ពួកគេរំពឹងថាលោក បៃដិន នឹងផ្តោតលើកិច្ចសហការលើការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកក៏ត្រូវបានគេរំពឹងថា នឹងធានាដល់អាស៊ានថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក ផ្តោតលើការចូលរួមជាមួយឥណ្ឌា ជប៉ុន និងអូស្ត្រាលី ក្នុងទម្រង់ Quad និងកិច្ចព្រមព្រៀងផ្គត់ផ្គង់អូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មិនមែនមានបំណងជំនួសតួនាទីកណ្តាលរបស់អាស៊ាននៅក្នុងតំបន់នោះទេ៕

ដោយ ឈូក បូរ៉ា

To Top