ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន ថា អាមេរិក គ្មានប្រតិកម្មជុំវិញសមយុទ្ធយោធារវាងចិន និងរុស្ស៊ី នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនមានបញ្ហាអ្វីជាមួយនឹងសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងចិននាពេលថ្មីៗនេះ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Kirby បាននិយាយនៅពេលត្រូវបានសួរថាតើក្រសួងការពារជាតិមានការព្រួយបារម្ភអំពីសមយុទ្ធយោធារួមរុស្ស៊ី-ចិន នោះឬទេ? លោកថា “យើងមិនមានបញ្ហាជាមួយសមយុទ្ធយោធាទេ យើងធ្វើវាគ្រប់ពេលវេលា។ ពួកគេច្បាស់ណាស់បានសម្រេចចិត្តថា ពួកគេត្រូវការធ្វើប្រតិបត្តិការជាមួយគ្នា ធ្វើលំហាត់ជាមួយគ្នា ហើយខ្ញុំគិតថាពួកគេគួរតែនិយាយសម្រាប់រឿងនោះ”។

ផ្ទាំងពាណិជ្ជកម្ម

លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងសមត្ថភាពរបស់ខ្លួន និងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។

សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ទីក្រុងមូស្គូបាននិយាយថា នាវាចម្បាំងរុស្ស៊ី និងចិនបានធ្វើការល្បាតរួមគ្នាលើកដំបូងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយនាវាទាំងនោះឆ្លងកាត់ដែនទឹកអន្តរជាតិនៃច្រកសមុទ្រ Tsugaru ក្នុងសមុទ្រជប៉ុន៕ប្រែសម្រួលៈ ណៃ តុលា

To Top
×