ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជូនអ្នកចរចា នុយក្លេអ៊ែរ ទៅទស្សនកិច្ចរុស្ស៊ី ដើម្បីពិភាក្សា លើកិច្ចចរចា នុយក្លេអ៊ែរ និងទណ្ឌកម្ម

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានមកដល់ទីក្រុងមូស្គូហើយ ដើម្បីជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីរុស្ស៊ីលោក Sergei Ryabkov អំពីការវិវត្តន៍ចុងក្រោយបង្អស់ ទាក់ទងនឹងការបន្តកិច្ចចរចានៅទីក្រុងវីយែន។

លោក Bagheri Kani ដែលជាអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានឲ្យដឹងនៅពេលមកដល់ទីក្រុងម៉ូស្គូថា ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលបានសម្រេចជាមួយភាគីផ្សេងទៀត ដែលនៅសេសសល់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ការចរចាទ្វេភាគីជាមួយ ប្រទេសនីមួយៗនឹងត្រូវធ្វើឡើង ដើម្បីចែករំលែកទស្សនៈ ស្តីពីការដកទណ្ឌកម្ម “គៀបសង្កត់” ប្រឆាំងនឹងអ៊ីរ៉ង់។

លោកត្រូវបានដកស្រង់សម្តីដោយ IRNA ថា ជុំទីមួយនៃកិច្ចចរចាបែបនេះ នឹងត្រូវធ្វើឡើងជាមួយភាគីរុស្ស៊ី តាមការអញ្ជើញរបស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ អ្នកចរចាអ៊ីរ៉ង់បានប្រកាសថា អ៊ីរ៉ង់បានយល់ព្រមបន្តកិច្ចចរចាក្រុងវីយែន ដែលជាប់គាំង សំដៅលើការរស់ឡើងវិញ នៃផែនកាតសកម្មភាពរួម JCPOA នៅចុងខែវិច្ឆិកា៕ ដោយ ឈូក បូរ៉ា

To Top