ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង និយាយថា ដ្រូនរបស់តួកគី នឹងធ្វើឲ្យអស្ថេរភាព នៅអ៊ុយក្រែន

បរទេស៖ វិមានក្រមឡាំងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការលើកឡើង អំពីក្តីព្រួយបារម្ភរបស់ខ្លួនថា ការលក់ដ្រូនយោធារបស់តួកគី ទៅឲ្យប្រទេសអ៊ុយក្រែន នឹងអាចបង្កទៅជាភាពអស្ថេរភាព នៅក្នុងប្រទេសអ៊ុយក្រែន ទៅវិញនោះទេ ជាពិសេសនៅតំបន់អ៊ុយក្រែន ភាគខាងកើត។

អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ពង្រាយដ្រូន ប្រយុទ្ធដែលផលិតនៅក្នុងប្រទេសតួកគី TB2 នៅក្នុងតំបន់អ៊ុយក្រែនភាគខាងកើត ដែលជាតំបន់កំពុងប្រឈមមុខ ទៅនឹងក្រុមផ្តាច់ខ្លួនដែលគាំទ្រ ដោយរដ្ឋាភិបាលរុស្ស៊ី ។

លោកបន្តបែបនេះទៀតថា៖ ពួកយើងរុស្ស៊ី និងតួកគី កំពុងមានទំនាក់ទំនងល្អជាមួយនឹងគ្នា ប៉ុន្តែនៅក្នុងស្ថានភាពបែបនេះ យើងបារម្ភថាការផ្គត់ផ្គង់អាវុធ ទៅឲ្យអ៊ុយក្រែន គឺនឹងក្លាយទៅជារឿងមិនល្អឡើយ និងថែមទាំងអាចបង្ក ទៅជាបញ្ហាអស្ថេរភាព នៅក្នុងតំបន់ផងដែរ។

គួរឲ្យដឹងដែរថា ក្រុមផ្តាច់ខ្លួនដែលមានការគាំទ្រដោយរុស្ស៊ី បានធ្វើការប្រយុទ្ធប្រឆាំង ជាមួយនឹងយោធារបស់រដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើតនេះ តាំងតែពីឆ្នាំ២០១៤ ពោលគឺភ្លាមៗក្រោយពេល ដែលរុស្ស៊ី បានចូលកាន់កាប់តំបន់ Crimea ដោយខុស ច្បាប់ហើយចាប់តាំងពីពេលនោះមក មនុស្សយ៉ាងហោចណាស់ ជាង១៤០០០នាក់ មកហើយដែលបានបាត់បង់ជីវិត ដោយសារជម្លោះមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top