ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ជំរុញឲ្យអ៊ីស្រាអែល បើកផ្លូវនយោបាយថ្មី ដោយផ្អែកលើ ដំណោះស្រាយរដ្ឋពីរ

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែល ចាប់ផ្តើមផ្លូវនយោបាយថ្មីមួយ ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ និងអនុវត្តជំហាននៃការកសាងទំនុកចិត្ត រវាងភាគីទាំងពីរ។

លោក Abbas បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមភាគីស្វីសលោក Guy Parmelin នៅការិយាល័យរបស់លោក នៅទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA ។

លោក Abbas បានលើកឡើងថា “យើងកំពុងពង្រីកដៃរបស់យើង ទៅកាន់អ៊ីស្រាអែល ដើម្បីចាប់ផ្តើមអនុវត្តជំហាន នៃការកសាងទំនុកចិត្ត ហើយបន្ទាប់មកចាប់ផ្តើមផ្លូវនយោបាយ ដោយផ្អែកលើគោលការណ៍ នៃដំណោះស្រាយរដ្ឋទាំងពីរ” ។

លោកបានបញ្ជាក់ថា ភាគី ប៉ាឡេស្ទីន នឹងមិនប្រើអំពើហិង្សាទាល់តែសោះ ព្រោះវាមិនមែនជាគោលនយោបាយ របស់ប្រជាជនប៉ាឡេស្ទីនឡើយ ដោយបន្ថែមថា ប្រជាជនប៉ាឡេស្ទីនមិនអាចបន្តរស់នៅ ក្រោមការកាន់កាប់របស់អ៊ីស្រាអែល ជារៀងរហូតនោះទេ។

ទន្ទឹមនឹងនេះ លោក Abbas បានព្រមានថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន មានជម្រើសផ្សេងទៀត ដែលត្រូវទៅក្នុងករណី ដែលអ៊ីស្រាអែល បដិសេធក្នុងការចាប់ផ្តើម ផ្លូវនយោបាយថ្មី ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

សម្រាប់ផ្នែករបស់លោក លោក Parmelin បានប្រាប់លោក Abbas ថាការបង្កើតផ្លូវនយោបាយ គឺជាកង្វល់ចម្បងរបស់ប្រទេសស្វីស ដោយបន្ថែមថាប្រទេសរបស់លោក ប្តេជ្ញាគាំទ្រការសន្ទនា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕ ដោយ ឈូក បូរ៉ា

To Top