ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ទិះតៀន ទណ្ឌកម្មថ្មី ដោយអាមេរិក ថាជាការសំដែង

តេហរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានធ្វើការហៅសកម្មភាព ដាក់ទណ្ឌកម្មចុងក្រោយ ដោយសហរដ្ឋអាមេរិក ជារឿងដែលមិនអាចទទួលយកបាន និង ជាសកម្មភាពផ្ទុយ ពីអាកប្បករិយា របស់ខ្លួនទៅវិញ។

អ្នកនាំពាក្យ របស់រដ្ឋាភិបាល តេហរ៉ង់ លោក Saeed Khatibzadeh បានថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងក្រុមអ្នកកាសែត ថារដ្ឋាភិបាលអាមេរិក តែងតែនិយាយថា មានបំណងក្នុងការត្រឡប់វិលចូល តុចរចានុយក្លេអ៊ែរវិញ ប៉ុន្តែជាក់ស្តែងពួកគេ នៅតែបន្តអនុវត្តតាមគោលការណ៍ ដែលអតីតប្រធានាធិបតី Donald Trump ធ្លាប់បានធ្វើគឺ តែងតែបង្កើតទណ្ឌកម្មថ្មីៗបន្ថែមទៀត ហើយដែលមានន័យថា អាមេរិកគឺមិនអាចទុកចិត្ត បានឡើយ។

លោកបន្តថាមកដល់ពេលនេះ រដ្ឋាភិបាលអាណត្តិថ្មី របស់អាមេរិក គឺគ្មានសមត្ថភាពទាល់តែសោះ ដើម្បីស្វែងយល់ឲ្យឃើញច្បាស់ អំពីភាពជាក់ស្តែងរបស់រដ្ឋាភិបាល ក្រុងតេហរ៉ង់ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី សំពាធដោយអាមេរិក គឺមិនបានធ្វើប៉ះពាល់ សូម្បីតែបន្តិចណាឡើយ ចំពោះអ៊ីរ៉ង់ ទៅលើកិច្ចការងារការពារជាតិ និងសន្តិសុខរបស់ខ្លួននោះដែរ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្រ រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀតប្រឆាំងទៅនឹងក្រុមហ៊ុននិងបុគ្គលមួយចំនួនដែលបានពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀង និងកម្មវិធីលក់អាវុធស្វ័យប្រវត្តិឬ Unmanned Aerial Vehicle (UAV) ៕

ប្រែសម្រួល៖ស៊ុនលី

To Top