ព័ត៌មានអន្តរជាតិ

លោក ពូទីន ជំរុញឲ្យមាន ការទទួលស្គាល់គ្នា ទៅវិញទៅមក លើវ៉ាក់សាំង ជំងឺកូវីដ-១៩ ក្នុងចំណោម សមាជិក G20

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា ក្រុមប្រទេសទាំង ២០ ហៅកាត់ថា (G-20) គួរតែដោះស្រាយបញ្ហានៃការទទួលស្គាល់គ្នា ទៅវិញទៅមក នៃវ៉ាក់សាំង និងវិញ្ញាបនបត្រ វ៉ាក់សាំងជំងឺកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

 លោក ពូទីន បានឲ្យដឹង តាមរយៈតំណភ្ជាប់វីដេអូ នៅក្នុងសម័យប្រជុំដំបូង នៃកិច្ចប្រជុំកំពូលមេដឹកនាំ G20 លើកទី១៦ ថាមិនមែនគ្រប់ប្រទេសទាំងអស់ ដែលខ្វះខាតអាចទទួលបានវ៉ាក់សាំង និងធនធានសំខាន់ៗផ្សេងទៀត ដោយសារតែការប្រកួតប្រជែងមិនយុត្តិធម៌ ការការពារ និងកង្វះការទទួលស្គាល់គ្នាទៅវិញទៅមកនៃវ៉ាក់សាំង។

ផ្ទាំងពាណិជ្ជកម្ម

 លោកក៏បានអំពាវនាវ ដល់សមាជិក G20 ឱ្យបង្កើតយន្តការ សម្រាប់ការធ្វើបច្ចុប្បន្នភាព វ៉ាក់សាំងជាប្រព័ន្ធ និងឆាប់រហ័ស ដោយសារវីរុសកូរ៉ូណា នៅតែបន្តផ្លាស់ប្តូរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 លោកពូទីន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែទាំសុខភាព និងបានសង្កត់ធ្ងន់លើតួនាទី របស់អង្គការសុខភាពពិភពលោក ដោយលើកឡើងថា ជំហានដែលនឹងរំលោភលើសិទ្ធិអំណាច របស់ខ្លួនគឺមិនអាចទទួលយក បាននោះទេ៕ ដោយ ឈូក បូរ៉ា

To Top
×