ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ គ្រោងចុះ កុងត្រាមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីត

បរទេស៖ រដ្ឋាភិបាលអ៊ីរ៉ាក់ គ្រោងនឹងធ្វើការចុះហត្ថលេខាលើកិច្ចសន្យាថាមពលមួយ មានទំហំទឹកប្រាក់ដល់ទៅរាប់សិបពាន់លានដុល្លារ ជាមួយប្រទេសអារ៉ាប៊ិសាអូឌីត នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ ឈ្មោះ Al-Sabah ចេញនៅថ្ងៃចន្ទនេះ។


រដ្ឋមន្ត្រីប្រេងនៃប្រទេសអ៊ីរ៉ាក់ លោក Ihsan Abdul Jabbar បានមានប្រសាសន៍ប្រាប់កាសែតរដ្ឋនោះថា ប្រទេសអ៊ីរ៉ាក់ កំពុងតែពិភាក្សាគ្នាអំពីភាពជាដៃគូជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Saudi Aramco ដើម្បីរុករកនិងអភិវឌ្ឍទីតាំងឧស្ម័នធម្មជាតិ នៅលើតំបន់វាលខ្សាច់ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់។


នៅពីនោះ រដ្ឋាភិបាលអ៊ីរ៉ាក់ ក៏កំពុងតែធ្វើការពិភាក្សាគ្នាជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Acwa Power ដើម្បីកសាងរោងចក្របន្សាបទឹកសមុទ្រ និងស្ថានីយថាមពលបន្ទះសូឡា នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយប្រទេសទាំងពីរក៏បានពិភាក្សាគ្នាអំពីគម្រោងគីមីឥន្ធនៈរួមផងដែរ។


គួរបញ្ជាក់ថា នៅក្នុងខែមីនា ប្រទេសទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi នៅទីក្រុងរីយ៉ាដ ហើយកិច្ចព្រមព្រៀងទាំងនោះ គ្របដណ្ដប់លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌និងប្រព័ន្ធផ្សព្វផ្សាយ៕


ប្រែសម្រួល៖ប៉ាង កុង

To Top