ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងតាម​ដាន​សកម្មភាព នាវាពិឃាតអាមេរិក នៅសមុទ្រខ្មៅ ចំពេល​មាន​សមយុទ្ធ​ណាតូ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី កំពុងតាមដានចលនារបស់នាវាពិឃាតមីស៊ីលនាំផ្លូវរបស់សហរដ្ឋអាមេរិក USS Porter ដែលបានចូលសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។

កងនាវាចរទី ៦ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា USS Porter បានចាប់ផ្តើមដំណើរឆ្លងកាត់ភាគខាងជើងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅ ដើម្បីប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់។

កងនាវាដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Naples របស់ប្រទេសអ៊ីតាលី និងកងនាវាចរ និងកម្លាំងគាំទ្រ បុគ្គលិករបស់អង្គការណាតូ បានចាប់ផ្តើមប្រតិបត្តិការនៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រខ្មៅ កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពី “ការប្តេជ្ញាចិត្តរបស់អង្គការណាតូ ក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ” ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល ដែល​រុស្ស៊ី​បាន​បញ្ចប់​រាល់​ការ​សន្ទនា​ជា​ផ្លូវ​ការ​ជាមួយ​ណាតូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Alexander Grushko កាលពីសប្តាហ៍មុន បានសម្តែងការព្រួយបារម្ភលើការកសាងយោធារបស់ណាតូ នៅជិតព្រំដែនរុស្ស៊ី និងផែនការរបស់ខ្លួនក្នុងការប្រែក្លាយតំបន់សមុទ្រខ្មៅ ទៅជាតំបន់ប្រឈមមុខគ្នា ដែលជា “ផ្លូវដ៏គ្រោះថ្នាក់បំផុត ដែលពោរពេញដោយហានិភ័យនៃឧប្បត្តិហេតុយោធា”៕ដោយ ឈូក បូរ៉ា

To Top
×