Covid-19

ទីប្រឹក្សា CDC របស់អាមេរិក ណែនាំវ៉ាក់សាំង ជំងឺកូវីដ-១៩ របស់ Pfizer សម្រាប់កុមារអាយុពី ៥-១១ ឆ្នាំ

វ៉ាស៊ីនតោន៖ កុមារអាមេរិកដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំអាចនឹងឆាប់ទទួលបាន វ៉ាក់សាំងជំងឺកូវីដ-១៩ កម្រិតទាបដែលផលិត ដោយក្រុមហ៊ុន Pfizer-BioNTech ខណៈដែលទីប្រឹក្សា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បានបោះឆ្នោតជាឯកច្ឆ័ន្ទ កាលពីថ្ងៃអង្គារ ដើម្បីណែនាំការចាក់វ៉ាក់សាំង សម្រាប់ក្រុមអាយុនេះ មានចំនួនប្រហែល ២៨លាននាក់។

វិទ្យុសាធារណៈជាតិ (NPR) បានរាយការណ៍ថា “ប្រសិនបើអនុសាសន៍ ត្រូវបានគាំទ្រដោយនាយក CDC លោកវេជ្ជបណ្ឌិត Rochelle Walensky ដូចដែលបានរំពឹងទុក កុមារអាចចាប់ផ្តើមទទួលការ ចាក់វ៉ាក់សាំងរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។

វ៉ាក់សាំងនេះ គឺមួយភាគបីនៃដូសមនុស្សពេញវ័យ ហើយវ៉ាក់សាំងនឹងត្រូវចាក់ជាពីរដូស រយៈពេលបីសប្តាហ៍ដាច់ពីគ្នា។ ក្រុមហ៊ុន Pfizer បានឲ្យដឹងថា កម្រិតទាបត្រូវបានជ្រើសរើស ដើម្បីកាត់បន្ថយផលប៉ះពាល់ និងនៅតែបង្កើតភាពស៊ាំខ្លាំង។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ ជាបន្ទាន់នូវវ៉ាក់សាំងនេះ ចំពោះក្មេងអាយុ ៥-១១ ឆ្នាំកាលពីថ្ងៃសុក្រ។ FDA បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer កម្រិត ១០ មីក្រូក្រាមចំពោះកុមារតូចៗ។ ការចាក់វ៉ាក់សាំងដើម ដែលផ្តល់ឲ្យអ្នកដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ គឺ ៣០មីក្រូក្រាម។

កាលពីថ្ងៃចន្ទ អ្នកសម្របសម្រួលការ ឆ្លើយតបរបស់សេតវិមានលោក Jeffrey Zients បានលើកឡើងថា រដ្ឋាភិបាលបានទិញវ៉ាក់សាំងកុមារ កម្រិតទាបគ្រប់គ្រាន់ សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងក្រុមអាយុនេះ ៕

ដោយ ឈូក បូរ៉ា

To Top
×