ព័ត៌មានអន្តរជាតិ

អាមេរិកសង្ឃឹមថា អ៊ីរ៉ង់នឹងវិលមកធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ​ វិញនៅថ្ងៃទី២៩ ខែវិច្ឆិកា

បរទេស៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិកក្នុងកិច្ចពិភាក្សានុយក្លេអ៊ែអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងវិលត្រឡប់ពិភាក្សាគ្នាដោយត្រៀមខ្លួនរួចរាល់ ដើម្បីចរចានិងប្រកបដោយភាពស្មោះត្រង់។


ចំណែកមន្ត្រីចរចានុយក្លេអ៊ែជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយនៅថ្ងៃពុធថា កិច្ចពិភាក្សាគ្នារបស់ប្រទេសអ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោក ដែលមានគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ នឹងបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា ស្របពេលដែលបណ្ដាប្រទេសលោកខាងលិច មានក្តីព្រួយបារម្ភពីភាពអភិវឌ្ឍរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។


កាលពីក្នុងខែមេសា ទីក្រុងតេអេរ៉ង់និងមហាអំណាចពិភពលោកចំនួន៦ បានថចាប់ផ្តើមកិច្ចពិភាក្សាគ្នាពីមធ្យោបាយ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានសាបរលាបតាំងពីឆ្នាំ២០១៨ ជាពេលដែលអតីតប្រធានាធិបតីអាមេរិក លោក ដូ ណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ និងបានដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់ បណ្ដាលឲ្យអ៊ីរ៉ង់បំពានបម្រាមលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកំណត់ដោយកិច្ចព្រមព្រៀងឆ្នាំ២០១៥។

ផ្ទាំងពាណិជ្ជកម្ម


ប៉ុន្តែកិច្ចពិភាក្សាគ្នាទាំងនោះ ត្រូវបានផ្អាកវិញ ចាប់តាំងពីលោក Ebrahim Raisi បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ នៅក្នុងខែមិថុនាមក ហើយលោកជាបុគ្គលមួយរូប ដែលត្រូវបានគេរំពឹងថា នឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ នៅពេលកិច្ចពិភាក្សាគ្នាបន្តធ្វើជាថ្មីនៅក្នុងទីក្រុងវីយែន៕


ប្រែសម្រួល៖ប៉ាង កុង

To Top