ព័ត៌មានអន្តរជាតិ

ចិន ប្រាប់អឺរ៉ុបមិនបញ្ជូនសញ្ញាខុស ជុំវិញរឿងតៃវ៉ាន់

បរទេស៖ប្រទេសចិន បានធ្វើការព្រមានសហភាពអឺរ៉ុបមិនឲ្យបញ្ជូនសញ្ញាខុសណាមួយឲ្យដល់ពិភពលោក ស្តីពីគោលជំហរខ្លួនចំពោះកោះតៃវ៉ាន់ ស្របពេលដែលគណៈប្រតិភូផ្លូវការដំបូងរបស់អឺរ៉ុប បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Independent នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបគួរតែធ្វើការកែតម្រូវឡើងវិញ នូវកំហុសឆ្គងរបស់ខ្លួន ក្រោយតំណាងរបស់រដ្ឋសភាសហភាពអឺរ៉ុប បានជួបគ្នាជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន។

ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ចនេះ ប្រថុយនឹងការធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពចិននិងសហភាពអឺរ៉ុប និងបានជំរុញភាគីអឺរ៉ុប ឲ្យកែតម្រូវកំហុសឆ្គង និងមិនឲ្យបញ្ជូនសារខុសណាមួយ ឲ្យដល់កងកម្លាំងបំបែកខ្លួនទាមទារឯករាជ្យតៃវ៉ាន់ ដើម្បីបញ្ចៀសមិនឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ លើចំណងមិត្តភាពចិននិងអឺរ៉ុប។

នៅកោះតៃវ៉ាន់ ប្រធានគណៈប្រតិភូរដ្ឋសភាអឺរ៉ុប បាននិយាយថា វាជាពេលវេលាដ៏ខ្ពង់ខ្ពស់ សម្រាប់សហភាពអឺរ៉ុប បង្កើតសហប្រតិបត្តិការជាមួយកោះតៃវ៉ាន់។

គួរបញ្ជាក់ថា តៃវ៉ាន់គឺជាកោះកាន់លទ្ធិប្រជាធិបតេយ្យនិងស្វយគ្រប់គ្រង ដែលមានគណបក្សកាន់អំណាច ចង់បានភាពឯករាជ្យទាំងស្រុងពីប្រទេសចិន ស្របពេលដែលទីក្រុងប៉េកាំងចាត់ទុកកោះនេះ ថាជាខេត្តបំបែកខ្លួននិងប្តេជ្ញាបង្រួបបង្រួមឡើងវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top