ព័ត៌មានអន្តរជាតិ

ចិន ព្រមានដាច់ខាត លើកងកម្លាំង ឯករាជ្យតៃវ៉ាន់ ថានឹងត្រូវផ្ដន្ទាទោស តាមច្បាប់

ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះ “ឯករាជ្យភាពតៃវ៉ាន់” ដោយលើកឡើងថា ធាតុបំបែកខ្លួនបែបនេះ គឺស្ថិតនៅក្នុងបញ្ជីរបស់ដីគោក ហើយនឹងត្រូវផ្តន្ទាទោសតាមច្បាប់។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងវិធានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងពួកអបគមន៍ ដែលរឹងរូស។

លោកស្រី Zhu បានលើកឡើងថា អ្នកដែលមាននៅក្នុងបញ្ជី រួមជាមួយនឹងសាច់ញាតិរបស់ពួកគេ មិនត្រូវចូលទៅក្នុងដីគោក និងតំបន់រដ្ឋបាលពិសេសពីរ នៃទីក្រុងហុងកុង និងម៉ាកាវឡើយ ហើយស្ថាប័នពាក់ព័ន្ធរបស់ពួកគេ នឹងត្រូវដាក់កំហិត មិនឱ្យបង្កើតកិច្ចសហប្រតិបត្តិការណាមួយ ជាមួយអង្គការ និងបុគ្គលនៅលើដីគោកនោះទេ។

លោកស្រីបានបន្ថែមថា អ្នកឧបត្ថម្ភ និងសហគ្រាសពាក់ព័ន្ធរបស់ពួកគេ នឹងត្រូវហាមឃាត់មិនឱ្យចូលរួម ក្នុងសកម្មភាពរកប្រាក់ចំណេញនៅលើដីគោក ក្នុងចំណោមទណ្ឌកម្មចាំបាច់ផ្សេងទៀត។

លោកស្រី Zhu បានបន្ដថា “អ្នកដែលក្បត់ជាតិមាតុភូមិរបស់ពួកគេ និងស្វែងរកការបំបែកប្រទេស គឺត្រូវមានទីបញ្ចប់អាក្រក់ ហើយត្រូវបានចងភ្ជាប់នឹងត្រូវបានបំផ្លាញ ដោយប្រជាជន និងវិនិច្ឆ័យដោយប្រវត្តិសាស្រ្ត”។

លោកស្រី Zhu បានបន្ថែមថា អ្នកដែលមាននៅក្នុងបញ្ជីនេះ នឹងត្រូវទទួលខុសត្រូវពេញមួយជីវិត ហើយនឹងត្រូវបានស៊ើបអង្កេត សម្រាប់ការទទួលខុសត្រូវ ព្រហ្មទណ្ឌស្របតាមច្បាប់៕ ដោយ ឈូក បូរ៉ា

To Top