ព័ត៌មានអន្តរជាតិ

ថៃ ជំរុញឱ្យក្រសួង សុខាភិបាល ពន្លឿនការបញ្ជាទិញថ្នាំ Molnupiravir និង Paxlovid ទុកព្យាបាលអ្នកជំងឺកូវីដ១៩

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យក្រសួង សុខាភិបាល ពន្លឿនការបញ្ជាទិញថ្នាំប្រឆាំងវីរុស Covid-19 ចំនួនពីរប្រភេទសម្រាប់ប្រើប្រាស់ ក្នុងប្រទេសថៃ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយ នៅលើទំព័រហ្វេសប៊ុក របស់លោកថា ក្រុមហ៊ុន Pfizer បានប្រកាសថា ខ្លួនបានបង្កើត ថ្នាំប្រឆាំងមេរោគ Covid-19 ឈ្មោះ Paxlovid ដើម្បីកាត់បន្ថយការ ស្លាប់ដោយសារ Covid-19 ក្នុងចំណោមអ្នកជំងឺ ដែលមានហានិភ័យខ្ពស់ ។

ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ ប្រភេទ Molnupiravir ដែលផលិតដោយក្រុមហ៊ុន Merck ដែលជាក្រុមហ៊ុនឱសថ របស់សហរដ្ឋអាមេរិក ដើម្បីព្យាបាលអ្នកជំងឺ Covid-19 នៅទីនោះ។ លោកបន្តថា ថ្នាំនេះទំនងជានឹងផលិតនៅដើមឆ្នាំក្រោយ។

ជាលទ្ធផល លោកបានជំរុញ ឱ្យក្រសួងសុខាភិបាល ពន្លឿនដំណើរការទិញថ្នាំទាំងនេះ ដើម្បីប្រជាជនថៃអាចទទួលយកបានផងដែរ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏បាននិយាយផងដែរថា ខណៈដែល ស្ថានភាព Covid-19 ស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែបានជំរុញឱ្យប្រជាជនថៃ រក្សាការប្រុងប្រយ័ត្ន ពាក់ម៉ាស់មុខ និង គោរពការឃ្លាតឆ្ងាយពីសង្គម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top