ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ថ្កោលទោស ការបដិសេធ របស់អ៊ីស្រាអែល ចំពោះការបើកស្ថានកុងស៊ុល អាមឹរិក នៅយេរ៉ូសាឡឹមខាងកើត

រ៉ាម៉ាឡា ៖ ប្រទេសប៉ាឡេស្ទីន បានថ្កោលទោសការបដិសេធ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ចំពោះការបើកស្ថាន កុងស៊ុល អាមេរិក ឡើងវិញ នៅយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Bennett បានឲ្យដឹង កាលពីយប់ថ្ងៃសៅរ៍ថា “មិនមានកន្លែង សម្រាប់ ស្ថានកុងស៊ុលអាមេរិក ដែលបម្រើប្រជាជន ប៉ាឡេស្ទីន នៅទីក្រុងយេរ៉ូសាឡឹមនោះទេ” ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងកិច្ចការស៊ីវិល ប៉ាឡេស្ទីន លោក Hussein al-Sheikh បានលើកឡើងថា ការលើកឡើងរបស់លោក Bennett “គឺជាបញ្ហាប្រឈមថ្មី មួយ ចំពោះរដ្ឋបាល របស់លោក បៃដិន ដែលបានប្រកាសម្តង ហើយម្តងទៀត នូវចេតនារបស់ខ្លួន ក្នុងការបើកស្ថានកុងស៊ុល នៅយេរ៉ូសាឡឹម ខាងកើតឡើងវិញ”។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកឡើងរបស់លោក Bennett “គឺជាការប្រឈមមុខដាក់គ្នា ចំពោះការសម្រេចចិត្ត និងគោលនយោបាយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក” ។

នៅខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានផ្លាស់ប្តូរស្ថានទូត របស់ខ្លួនពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងយេរ៉ូសាឡឹម ហើយនៅខែតុលា ឆ្នាំដដែល អតីតរដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Mike Pompeo បានរួមបញ្ចូលគ្នានូវស្ថាន កុងស៊ុលរបស់ប្រទេស នៅយេរ៉ូសាឡឹម ខាងកើតជាមួយនឹងស្ថានទូត របស់ខ្លួននៅក្នុងទីក្រុង។

ស្ថានកុងស៊ុលបានបិទ និងបញ្ឈប់ការផ្តល់សេវា សម្រាប់ប៉ាឡេស្ទីន ក្នុងខែមីនា ឆ្នាំ២០១9 ។ នៅក្នុងខែឧសភា ឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងកាន់អំណាចលោក Antony Blinken បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន មានបំណង បើកស្ថាន កុងស៊ុល របស់ខ្លួនឡើងវិញ នៅក្រុងយេរ៉ូសាឡឹម ខាងកើត និងដើម្បីបន្តជំនួយហិរញ្ញវត្ថុ របស់ខ្លួនដល់ទីភ្នាក់ងារ ជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) ៕
ដោយ ឈូក បូរ៉ា

To Top