ព័ត៌មានអន្តរជាតិ

សេតវិមាន ការពារការដាក់ចេញវ៉ាក់សាំងកាតព្វកិច្ចរបស់លោក បៃដិន សម្រាប់កម្មករអាមេរិក បន្ទាប់ពីត្រូវបានបញ្ឈប់ដោយតុលាការ

បរទេស៖ ក្នុងសប្តាហ៍នេះ រដ្ឋបាលលោក ចូ បៃដិន បានចេញច្បាប់សហព័ន្ធថ្មីដែលចាត់ថ្នាក់ COVID-19 ជាគ្រោះថ្នាក់ការងារ ដោយតម្រូវឱ្យកម្មករអាមេរិកប្រហែល 100 លាននាក់មានភ័ស្តុតាងនៃការទទួលថ្នាំបង្ការ ឬ ហៅថា វ៉ាក់សាំងកាតព្វកិច្ច ត្រឹមថ្ងៃទី 4 ខែមករា ដោយកម្មករមួយចំនួនត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តជាប្រចាំជំនួសឱ្យការទទួលថ្នាំបង្ការ។

យោងតាមសារព័ត៌មាន SPUTNIK ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វេជ្ជបណ្ឌិត Vivek Murthy នៃសហរដ្ឋអាមេរិក បានការពារសកម្មភាពរបស់សេតវិមាន បន្ទាប់ពីរដ្ឋបាលបានចេញវ៉ាក់សាំងកាតព្វកិច្ចដ៏ទូលំទូលាយសម្រាប់សហគ្រាសដែលមានបុគ្គលិកចាប់ពី 100 នាក់ឡើងទៅ។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យនៅលើ “សប្តាហ៍នេះ” របស់ ABC លោក Murthy បាននិយាយថា ប្រទេសនេះមានប្រវត្តិនៃគ្រាដែលការចាក់វ៉ាក់សាំងកាតព្វកិច្ច ជាករណីចាំបាច់ដើម្បីការពារប្រជាជន។

សូមជម្រាបថា បើយោងតាមការចេញផ្សាយ គឺមាន យ៉ាងហោចណាស់រដ្ឋចំនួន 27 នៅអាមេរិក រួមទាំងរដ្ឋ Kentucky រដ្ឋ Oklahoma និងរដ្ឋ West Virginia បានដាក់ពាក្យប្តឹងជំទាស់នឹងវ៉ាក់សាំងកាតព្វកិច្ច ដោយអះអាងថា វាខុសពីរដ្ឋធម្មនុញ្ញ។ អង្គការអាជីវកម្មមួយចំនួនក៏បាននិយាយប្រឆាំងនឹងវិធានការដែលបានដាក់ចេញដោយរដ្ឋបាលលោក បៃដិន នេះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top