ព័ត៌មានអន្តរជាតិ

ថៃ៖ ទឹកឡើងពីទន្លេចៅប្រាយ៉ា បណ្តាលឱ្យលិចផ្នែកខ្លះ របស់ទីក្រុងបាងកក

បរទេស៖ ទឹកទន្លេចៅប្រាយ៉ា នៅក្នុងប្រទេសថៃ បានហក់ឡើង ដោយលិចចូលផ្នែកខ្លះ នៃទីក្រុងបាងកក និងខេត្តសាមុតប្រាកាន កាលពីព្រឹកថ្ងៃចន្ទ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានរាយការណ៍ ពីទឹកជំនន់លិចក្នុងសង្កាត់ Bangkok Noi របស់ទីក្រុងបាងកក , នៅ Taling Chan, Bang Khunthian និងនៅសង្កាត់ Nong Chok, នៅស្រុក Muang នៃខេត្ត Samut Prakan ធ្វើឱ្យចរាចរណ៍យឺតពេល ឆ្លងកាត់តំបន់ទាំងនោះ។

ចរាចរណ៍នៅក្នុងសង្កាត់ Khlong Toey ក៏មានការយឺតយ៉ាវផងដែរ ដោយសារផ្នែកនៃផ្លូវ Ratchadaphisek ត្រូវបានជន់លិច។ ចំណែកផ្លូវមួយខ្សែទៀតក្នុងសង្កាត់ យ៉ាណាវ៉ា ជិតទន្លេ ចៅប្រាយ៉ា ក៏ត្រូវជន់លិចដែរ ដែលបង្ខំឱ្យអ្នកបើកបរបន្ថយល្បឿន។

នាយកដ្ឋានជលសាស្ត្រនៃ កងទ័ពជើងទឹកបានរាយការណ៍ថា កម្ពស់ទឹកទន្លេចៅប្រាយ៉ា បានឡើងដល់ចំណុចមុខ ទីបញ្ជាការកងទ័ពជើងទឹកថៃ ដែលមានកម្ពស់ 2.16 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅម៉ោង 9.55 ព្រឹក។ គេបានព្យាករណ៍ថា ទឹកនឹងហក់ឡើងដល់កម្ពស់ 2.23 ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រជាមធ្យមនៅម៉ោង 11.26 ព្រឹកថ្ងៃអង្គារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top