ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ប្រាប់មេដឹកនាំកម្ពុជា ថា គ្មានបំណងបង្កើត ថាមពល នុយក្លេអ៊ែរ ក្នុងតំបន់ ពីការចូលរួមសម្ព័ន្ធត្រីភាគី “AUKUS” (Video)

ភ្នំពេញ៖ ប្រមុខការទូតអូស្រ្តាលី លោកស្រី ម៉ារីស ផែន បានអះអាងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីគោលបំណងរបស់ខ្លួនចូលក្នុងសម្ព័ន្ធត្រីភាគី “AUKUS” គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេ។

សូមរំលឹកថា អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីអូស្ត្រាលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកស្រីបានចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចតេជោ ហ៊ុន សែន និងជួបប្រជុំទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលអំពីទស្សនកិច្ចរបស់ លោកស្រី ម៉ារីស ផែន បានបញ្ជាក់ថា៖ «លោកស្រី ម៉ារីស ផេន បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរ ចំពោះការបង្កើតភាព ជាដៃគូសន្ដិសុខត្រីភាគី “AUKUS” និងបានអះអាងថា ការដែលអូស្ដ្រាលីចូលរួមនៅក្នុង AUKUS នេះ គឺដើម្បីទទួលបាននាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ ស្របពេលជាមួយគ្នានេះ អូស្ដ្រាលីនៅតែបន្ដប្ដេជ្ញាចិត្តចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ក្នុងតំបន់»៕

To Top