ព័ត៌មានអន្តរជាតិ

ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្នុងតំបន់ដំបូង ស្តីពីអាហ្វហ្គានីស្ថាន

បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ ធ្វើការរៀបចំទទួលមន្ត្រីសន្តិសុខជាន់ខ្ពស់ មកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រទេសអាស៊ីកណ្ដាលចំនួន៥ ដើម្បីធ្វើការពិភាក្សាគ្នាស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនមានការអញ្ជើញតំណាងអាហ្វហ្គានីស្ថានឲ្យចូលរួមនោះទេ។


ចំណែកប្រទេសប៉ាគីស្ថាននិងប្រទេសចិន ដែលជាគូសត្រូវជាយូររបស់ឥណ្ឌា ក៏បានបដិសេធមិនចូលរួមក្នុងប្រជុំពិភាក្សាសន្តិសុខកក្នុងតំបន់របស់ទីក្រុងញូដេលី ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃពុធនេះផងដែរ បន្ទាប់ពីការដួលរំលំនៃរដ្ឋាភិបាលគាំទ្រដោយអាមេរិក និងពួកតាលីបង់កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។


ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា លោក Ajit Doval បានធ្វើការអញ្ជើញប្រធានផ្នែកសន្តិសុខ មកពីប្រទេសអ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀស៊ីហ្ស៊ីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ដើម្បីចូលរួមធ្វើការពិភាក្សាគ្នា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។


ក្នុងការថ្លែងបើកកម្មវិធីនៅមុនកិច្ចប្រជុំនោះ លោក Ajit Doval បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺជាពេលសម្រាប់ការប្រឹក្សាគ្នាយ៉ាងជិតស្និទ្ធនៅក្នុងចំណោមយើងទាំងអស់គ្នា” ហើយលោកបានបន្តទៀតថា លោកសង្ឃឹមថា កិច្ចពិភាក្សាគ្នានេះ នឹងជួយដល់ប្រជាជនអាហ្វហ្គានីស្ថាន និងធ្វើឲ្យកាន់តែប្រសើរឡើងសន្តិសុខរួមក្នុងរួមក្នុតំបន់៕


ប្រែសម្រួល៖ប៉ាង កុង

To Top