ព័ត៌មានអន្តរជាតិ

រុស្ស៊ីរិះគន់សហភាពអឺរ៉ុប ថាបង្កឲ្យមានមហន្តរាយជនអន្តោប្រវេសន៍ កាន់តែខ្លាំង និងបញ្ជូនយន្តហោះទម្លាក់ គ្រាប់ឲ្យហោះពីលើប្រទេសបេឡារុស



បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានរិះគន់សហភាពអឺរ៉ុប សម្រាប់វិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន រវាងប្រទេសបេឡារុសនិងប៉ូឡូញ ដោយចោទពីបទព្យាយាមជាន់កប្រទេសបេឡារុស ដោយប្រើផែនការបិទផ្នែកនៃព្រំប្រទល់ និងជំរុញឲ្យសហភាពអឺរ៉ុបធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ជាមួយទីក្រុង Minsk។


ស្របពេលដែលជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន និងអាហ្វ្រិក បង្កើកការប៉ុនប៉ងថ្មីក្នុងការសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់នោះ ទីក្រុងមូស្គូបានបញ្ជូនសញ្ញាបន្ថែម ស្តីពីការគាំទ្រសម្ពន្ធមិត្តខ្លួន គឺប្រទេសបេឡារុស តាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រពីរគ្រឿង ឲ្យទៅល្បាតនៅក្នុងដែនអាកាសបេឡារុស។


ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមិនរំឭកដល់រឿងវិបត្តិអន្តោប្រវេសន៍ ប៉ុន្តែប្រើដើម្បីគូសបង្ហាញពីការកើនឡើង ក្នុងភាពតានតឹងនៅតាមព្រំដែនភាគខាងកើតរបស់ណាតូនោះថា យន្តហោះទម្លាក់គ្រាប់ Tu-22M3 បានជួយតេស្តប្រព័ន្ធការពារដែនអាកាសរួមរបស់ប្រទេសបេឡារុស។


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Vladimir Makei យ៉ាងដូច្នេះថា លោកសង្ឃឹមថា អឺរ៉ុបដែលមានទំនួលខុសត្រូវ នឹងមិនអនុញ្ញាតឲ្យខ្លួនឯងធ្លាក់ចុះចូលក្នុងរង្វង់ដែលមានគ្រោះថ្នាក់នោះទេ៕


ប្រែសម្រួល៖ប៉ាង កុង

To Top