ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកសិទ្ធិមនុស្សយូអិន ព្យាយាមស្វែងរកការបន្ថយការ កើនឡើងនៃវិបត្តិនៅតាមព្រំដែនប៉ូឡូញ – បេឡារុស

បរទេស៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រទេសនានា ធ្វើការដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅតាមព្រំដែននៃប្រទេសបេឡារុសនិងប៉ូឡូញ និងបាននិយាយថា ស្ថិតក្រោមច្បាប់អន្តរជាតិ មនុស្សមិនគួរត្រូវបានគេរារាំងក្នុងការសុំសិទ្ធិជ្រកកោននោះទេ។


ជនអន្តោប្រវេសន៍ដែលជាប់នៅក្នុងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ បានប៉ុនប៉ងសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់ នេះបើតាមសម្តីរបស់ទីក្រុង Warsaw នៅថ្ងៃពុធនេះ និងបានប្រកាសថា ប៉ូឡូញបានធ្វើការពង្រឹងកិច្ចការពារព្រំដែន ស្របពេលដែលសហភាពអឺរ៉ុបត្រៀមរៀបចំដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស ជុំវិញរឿងវិបត្តិនេះ។


ចំណែកទីក្រុងមូស្គូ បានបង្ហាញសញ្ញាគាំទ្របន្ថែមទៀត ចំពោះសម្ពន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស តាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រចំនួន២គ្រឿង ឲ្យហោះហើរធ្វើប្រតិបត្តិការល្បាត នៅក្នុងដែនអាកាសរបស់ប្រទេសបេឡារុស នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន SWI។

ផ្ទាំងពាណិជ្ជកម្ម


នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Michelle Bachelet បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំជំរុញប្រទេសដែលពាក់ព័ន្ធឲ្យចាត់វិធានការភ្លាមៗ ដើម្បីបន្ធូរបន្ថយនិងដោះស្រាយស្ថានភាពដ៏ពិបាកអត់ធ្មត់នេះ ស្របទៅតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់សិទ្ធិមនុស្សនិងច្បាប់ជនភៀសខ្លួនអន្តរជាតិ”៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×