ព័ត៌មានអន្តរជាតិ

យូអិន គូសបញ្ជាក់​ ពីការអំពាវនាវ ក្នុងការកសាង ប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យ នៅលីប៊ី

យូអិន៖ ឧបការីអគ្គលេខាធិការ និងអ្នកសម្របសម្រួល នៃបេសកកម្មគាំទ្រ អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) លោក Raisdon Zenenga បានអះអាងសារជាថ្មី អំពីតួនាទីសំខាន់ របស់គណបក្សនយោបាយ ក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យ នៅក្នុងប្រទេសលីប៊ី។

លោក Zenenga បានធ្វើការកត់សម្គាល់របស់លោក ក្នុងអំឡុងពេលជួបជាមួយ មេដឹកនាំ និងតំណាង គណបក្សនយោបាយ ក្នុងប្រទេស ដើម្បីស្តាប់ទស្សនៈរបស់ពួកគេ ចំពោះការបោះឆ្នោត នាពេលខាងមុខ។

បេសកកម្មរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “អ្នកចូលរួមបានបង្ហាញពីសារៈសំខាន់ នៃការរៀបចំការបោះឆ្នោត ដើម្បីបំពេញសេចក្តីប្រាថ្នា របស់ប្រជាជនលីប៊ី នៃស្ថិរភាពលីប៊ី” ។

អ្នកចូលរួមមួយចំនួនបានចែករំលែក ពីកង្វល់របស់ពួកគេ លើតម្រូវការសម្រាប់ការ រួមបញ្ចូលកាន់តែច្រើន នៅក្នុងក្របខ័ណ្ឌនៃការបោះឆ្នោត និងសារៈសំខាន់ នៃការកសាងមតិឯកភាព ដោយមានជំនួយពីអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិ ដើម្បីធានាការទទួលយកលទ្ធផល នៃការបោះឆ្នោតដោយទាំងអស់គ្នា ក៏ដូចជាតម្រូវការ ដើម្បីធានាសុវត្ថិភាពបេក្ខជន និងអ្នកបោះឆ្នោត។

លោក Zenenga បានអះអាងសារជាថ្មីអំពីតួនាទីសំខាន់របស់គណបក្សនយោបាយ ក្នុងកិច្ចខិតខំប្រឹងប្រែង កសាងប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យនៅក្នុងប្រទេសលីប៊ី ហើយបានរំលឹកឡើងវិញថា អាទិភាពរបស់ UNSMIL គឺដើម្បីជួយប្រទេសលីប៊ីរៀបចំ ការបោះឆ្នោត ដែលបង្រួបបង្រួមប្រជាជនលីប៊ី ផ្តល់ស្ថិរភាព និងបង្កើតស្ថាប័នស្របច្បាប់ ដែលអាចទទួលយកបាន សម្រាប់ប្រជាជនលីប៊ីទាំងអស់។

គួរបញ្ជាក់ថា ប្រទេសលីប៊ី ត្រូវបានគេរំពឹងថានឹងរៀបចំ ការបោះឆ្នោតទូទៅនៅថ្ងៃទី២៤ ខែធ្នូឆ្នាំនេះ ដែលជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវ ដែលត្រូវបានអនុម័ត ដោយវេទិកាសន្ទនានយោបាយលីប៊ី ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ៕

ដោយ ឈូក បូរ៉ា

To Top