បរទេស៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យកាត់ចេញចំពោះច្បាប់ ប្រមាថព្រះមហាក្សត្រ ដែលនឹងផ្តន្ទាទោសអ្នកល្មើសជាប់គុករហូតដល់ ១៥ឆ្នាំ។ ការអត្ថាធិប្បាយរបស់លោកនេះ វាហាក់ដូចជាផ្ទុយនឹងទស្សនៈមុនរបស់លោកចំពោះច្បាប់នេះ ដែលលោកធ្លាប់បានលើកឡើងថា “គ្មានបញ្ហា” នោះទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថ្មីៗរបស់លោក ថាក់ស៊ីន ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ក្រុម CARE ដែលរួមមានអ្នកនយោបាយជើងចាស់ដែលមានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដែលកំពុងរត់គេចខ្លួនរូបនេះ និងគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងដ៏សំខាន់។
លោក ថាក់ស៊ីន ដែលធ្លាប់បាននិយាយកាលពីសប្តាហ៍មុនថាមិនមានបញ្ហាជាមួយនឹងច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ គឺបាននិយាយថា ទោសដាក់ពន្ធនាគាររហូតដល់ 15 ឆ្នាំ ចំពោះការរំលោភលើមាត្រា 112 នៃក្រមព្រហ្មទណ្ឌ គឺធ្ងន់ធ្ងរពេក។ ច្បាប់ត្រូវធ្វើវិសោធនកម្មដើម្បីបន្ថយទោសជារឿងបន្ទាន់។
លោកបានថ្លែងថា៖ «យើងត្រូវរកវិធីដើម្បីរក្សាការដាក់ទណ្ឌកម្មកុំឲ្យធ្ងន់ពេក» ដោយបន្ថែមថា អ្នកដែលត្រូវបានឃុំខ្លួនពីបទប្រមាថព្រះមហាក្សត្រ ត្រូវតែមានសិទ្ធិនៅក្រៅឃុំ។
លោកថាក់ស៊ីន ដែលបានភៀសខ្លួនចេញពីប្រទេសមុនការកាត់ទោសដោយតុលាការកំពូលក្នុងសំណុំរឿងដីធ្លី Ratchadaphisek កាលពីឆ្នាំ ២០០៨ បានសង្កត់ធ្ងន់ថា បញ្ហានេះពាក់ព័ន្ធនឹងការធានាយុត្តិធម៌៕