ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋានទីក្រុង Minsk ជុំវិញវិបត្តិអន្តោប្រវេសន៍

បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។

សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ និងប្រទេសសមាជិក សហភាពអឺរ៉ុបដទៃទៀត ដើម្បីជាការសងសឹកចំពោះ ទណ្ឌកម្មដែលដាក់លើទីក្រុង Minsk។

តាមសេចក្តីរាយការណ៍ មន្ត្រីការទូតមួយរូបបាននិយាយថា ស្របពេលដែល ជនអន្តោប្រវេសន៍កាន់តែច្រើន ប្រមូលផ្តុំគ្នានៅតាមព្រំដែន នៃប្រទេសប៉ូឡូញនិងបេឡារុស នៅថ្ងៃព្រហស្បតិ៍នេះនោះ សហភាពអឺរ៉ុប កំពុងតែធ្វើការសម្រេចចុងក្រោយ នូវការដាក់ទណ្ឌកម្មថ្មី លើមន្ត្រីជាន់ខ្ពស់បេឡារុសនានា និងក្រុមហ៊ុនអាកាសចរណ័៍រដ្ឋ Belavia ដែលអាចនឹងត្រូវ បានអនុម័តនៅសប្ដាហ៍ក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះ សហភាពអឺរ៉ុប ក៏កំពុងតែពិចារណាកញ្ចប់ទី៦ នៃការបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមធ្វើដំណើរ ដែលអាចរួមមានទាំងការ បញ្ជាឲ្យក្រុមហ៊ុនសហភាពអឺរ៉ុប ឈប់ធ្វើការផ្គត់ផ្គង់ដល់ អាកាសយានដ្ឋានជាតិនៃទីក្រុង Minsk ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top