ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បដិសេធពីការពិចារណាវាយប្រហារលើអ៊ុយក្រែន និងចោទអាមេរិកពីបទបង្កទង្វើឈ្លានពាននៅសមុទ្រខ្មៅ

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធច្រានចោល នូវសេចក្តីរាយការណ៍មួយដែលថា ទីក្រុងមូស្គូអាចនឹងកំពុងតែពិចារណាធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន និងចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើទង្វើឈ្លានពានជាបន្តបន្ទាប់ នៅសមុទ្រខ្មៅ។


នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីក្តីព្រួយបារម្ភជាមួយសម្ពន្ធមិត្តសហភាពអឺរ៉ុបរបស់ខ្លួន ស្តីពីភាពអាចកើតមាននៃការវាយប្រហារពីប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយផ្អែកលើសេចក្តីរាយការណ៍មួយ ដែលលើកឡើងពីទង្វើយោធាដ៏គួរឲ្យសង្ស័យនៅក្នុងប្រទេសរុស្ស៊ី ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនានា សម្រាប់ក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ។


មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយយ៉ាងដូច្នេះថា “ចំណងជើងបែបនេះ មិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីបង្កឲ្យមានភាពតានតឹងខ្លាំងក្លាដោយគ្មានន័យនិងគ្មានមូលដ្ឋាន។ ប្រទេសរុស្ស៊ីមិនបង្កការគម្រាមកំហែងដល់អ្នកណានោះទេ”។

ផ្ទាំងពាណិជ្ជកម្ម


គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់ នៅក្នុងសប្ដាហ៍នេះ បានកើនកម្តៅខ្លាំងឡើង ស្របពេលដែលសហភាពអឺរ៉ុបចោទប្រកាន់សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី គឺប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្តមនុស្សរាប់ពាន់នាក់ ដែលគេចភៀសខ្លួនពីផ្នែកនៃពិភពលោកដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ឲ្យព្យាយាមឆ្លងព្រំដែនខ្លួន ចំណែកទីក្រុងព្រួចសែល បានព្រមានធ្វើការដាក់ទណ្ឌកម្មលើបេឡារុស៕


ប្រែសម្រួល៖ប៉ាង កុង

To Top