ព័ត៌មានអន្តរជាតិ

កងកម្លាំងយេម៉ែន គាំទ្រដោយអ៊ីរ៉ង់ បំពានចូលបរិវេណស្ថានទូតអាមេរិក នៅទីក្រុងសាណាអា និងឃាត់ខ្លួនបុគ្គលិកក្នុងតំបន់

បរទេស៖បុគ្គលិកសន្តិសុខយេម៉ែនរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងសាណាអា ដោយស្ថានទូតសហរដ្ឋអាមេរិក ត្រូវបានបំពានដោយកងកម្លាំងពួកហូធីគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបានដណ្ដើមកាន់កាប់ប្រទេសយេម៉ែនភាគច្រើន នៅក្នុងឆ្នាំ២០១៤ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។


មន្ត្រីនំាពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បុគ្គលិកស្ថានទូតអាមេរិកភាគច្រើន ដែលត្រូវឃាត់ខ្លួននោះ គឺបានដោះលែងវិញហើយ និងថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតឥតឈប់ឈរ ដើម្បីឲ្យដោះលែងបុគ្គលិកសន្តិសុខ ដែលនៅតែជាប់ឃុំនៅឡើយ។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Washington Post នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា វាមិនច្បាស់ពីមូលហេតុដែលបុគ្គលិកសន្តិសុខជាជនជាតិយេម៉ែនទាំងនោះ ត្រូវឃាត់ខ្លួននោះទេ ហើយមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា លោកមិនអាចប្រាប់បានថា មានប៉ុន្មាននាក់ជាប់ឃុំនោះទេ។


គួរបញ្ជាក់ថា បេសកកម្មការទូតអាមេរិកនៅយេម៉ែន ត្រូវបានផ្អាកប្រតិបត្តិការក្នុងឆ្នំា២០១៥ នៅពេលជិតចាប់ផ្តើមសង្គ្រាមស៊ីវិលបង្ហូរឈាម រវាងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងពួកហូធីគាំទ្រដោយអ៊ីរ៉ង់ ហើយឯកអគ្គរដ្ឋទូតនិងបុគ្គលិកសំខាន់ៗរបស់អាមេរិក ត្រូវបានផ្ទេរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ពន្ធមិត្តដ៏ចម្បងរបស់អាមេរិកនៅក្នុងតំបន់៕


ប្រែសម្រួល៖ប៉ាង កុង

To Top