ព័ត៌មានអន្តរជាតិ

រុស្ស៊ីចេញមុខជួយដោះស្រាយវិបត្តិ ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅព្រំដែនប្រទេសប៉ូឡូញ និងបេឡារុស

បរទេស៖ ជនចំណាកស្រុករាប់ម៉ឺននាក់ ជាចម្បងគឺមកពីមជ្ឈិមបូព៌ា និងអាហ្រ្វិក បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុសក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសង្ឃឹមថា នឹងធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសជិតខាងប៉ូឡូញ និងរដ្ឋបាល់ទិក និងភាគខាងលិចបន្ថែមទៀត។ រដ្ឋាភិបាលទីក្រុង Minsk បានសង្កត់ធ្ងន់ថា ខ្លួនលែងមានធនធានដើម្បីទប់ទល់នឹងលំហូរ ដោយសារការកំទេចទណ្ឌកម្មរបស់អឺរ៉ុប។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីៗគ្រប់យ៉ាងតាមកម្លាំងរបស់ខ្លួន ដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ។

លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ីកាលពីថ្ងៃអាទិត្យថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកដល់រឿងនេះតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ប្រសិនបើជាការពិត នៃអ្វីមួយនឹងអាស្រ័យលើយើង” ។

ផ្ទាំងពាណិជ្ជកម្ម

លោក ពូទីន បន្តថា «ខ្ញុំបានដឹងពីអ្វីដែលកំពុងកើតឡើងនៅតាមព្រំដែនប៉ូឡូញ-បេឡារុស្ស តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំមិនដែលបានពិភាក្សាបញ្ហានេះជាមួយ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ពីមុនមកទេ។ ខ្ញុំបាននិយាយជាមួយគាត់ពីរដង គឺបន្ទាប់ពីវិបត្តិនេះបានចាប់ផ្តើម»។

ការលើកឡើងរបស់លោក ពូទីន គឺនៅពេលដែលមានការចោទសួរដោយមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះវិបត្តិនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top