ព័ត៌មានអន្តរជាតិ

កាសែត Global Times ដែលស្និតនឹងចិន ឱ្យអូស្រ្តាលីត្រៀម “លះបង់” ទាហានរបស់ខ្លួន ចំពោះការវាយប្រហារតបត ដែលជិតមកដល់

បរទេស៖ និពន្ធនាយកនៃកាសែត Global Times ដែលមានទំនាក់ទំនង នឹងរដ្ឋរបស់ចិន បាននិយាយថា ប្រសិនបើយោធាអូស្ត្រាលី ធ្វើអន្តរាគមន៍ក្នុងទំនាក់ទំនង របស់ទីក្រុងប៉េកាំងជាមួយកោះតៃវ៉ាន់ នោះប្រទេសនេះគួរតែត្រៀមខ្លួន ជាស្រេចដើម្បី “លះបង់” ទាហានរបស់ខ្លួន ចំពោះការវាយប្រហារតប.ត ដែលជិតមកដល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានប្តេជ្ញាថា នឹង “គាំទ្រសហរដ្ឋអាមេរិក ក្នុងសកម្មភាពមួយ ប្រសិនបើសហរដ្ឋអាមេរិក ជ្រើសរើសធ្វើសកម្មភាពនោះ” ប្រឆាំងនឹងប្រទេសចិន លើកោះតៃវ៉ាន់ ដែលជំរុញឱ្យនិពន្ធនាយក Global Times លោក Hu Xijin បាញ់តបត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ។

លោក Xijin បានព្រមានថា “ប្រសិនបើកងទ័ពអូស្ត្រាលី មកប្រយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ វាពិតជាពិបាកនឹងស្រមៃថា ប្រទេសចិននឹងមិនធ្វើការ វាយប្រហារខ្លាំងក្លា ណាមួយលើពួកគេ និងកន្លែងយោធាអូស្ត្រាលី ដែលគាំទ្រពួកគេ” ។ ដូច្នេះ អូស្ត្រាលីត្រូវត្រៀមខ្លួន ជាជាងលះបង់ ដើម្បីកោះតៃវ៉ាន់ និងអាមេរិកទៅ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី របស់លោក Scott Morrison កាន់តែមានភាពប្រឆាំង ចំពោះប្រទេសចិន ហើយបាននិយាយយោង ម្តងហើយម្តងទៀត អំពីជម្លោះ និងសង្រ្គាម។ រដ្ឋាភិបាលរបស់លោក Morrison ក៏បានបង្កើនកិច្ចសហប្រតិបត្តិការ របស់អូស្ត្រាលី ជាមួយសហរដ្ឋអាមេរិកផងដែរ ដោយធ្វើឱ្យខូចទំនាក់ទំនង ដ៏ល្អរបស់ខ្លួន ជាមួយប្រទេសចិន ដែលជាការផ្លាស់ប្តូរ គោលនយោបាយការបរទេស ដែលត្រូវបានរិះគន់ដោយ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី Paul Keating លោក Kevin Rudd និងលោក Malcolm Turnbull ។

កាលពីសប្តាហ៍មុន លោក Keating បានព្រមានថា អូស្ត្រាលី “មិនគួរត្រូវបានទាញចូល ទៅក្នុងការចូលរួមផ្នែកយោធា លើកោះតៃវ៉ាន់ ដែលសហរដ្ឋអាមេរិកបានឧបត្ថម្ភ ឬ បើមិនដូច្នេះទេ” ដោយចង្អុលបង្ហាញថា កោះតៃវ៉ាន់មិនមែនជាផលប្រយោជន៍ របស់អូស្ត្រាលីដ៏សំខាន់៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×