ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ត្រូវគេរំពឹងថា នឹងយកបញ្ហាតៃវ៉ាន់ ជាអាទិភាព ក្នុងកិច្ចពិភាក្សាគ្នា ជាមួយលោក បៃដិន

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ជំនួបគ្នាផ្ទាល់ របស់លោកជាមួយប្រធនាធិបតី អាមេរិក លោក ចូ បៃដិន ដើម្បីព្រមានសហរដ្ឋអាមេរិក ឲ្យដកថយ លើបញ្ហាតៃវ៉ាន់ នេះបើយោងតាមបទវិចារណកថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ចេញនៅថ្ងៃចន្ទនេះ ។

លោក ស៊ី ជីនពីង និងលោក ចូ បៃដិន គ្រោងជួបគ្នាផ្ទាល់ នៅព្រឹកថ្ងៃអង្គារ ម៉ោងទីក្រុងប៉េកាំង ស្របពេលដែលមាន ការប៉ះទង្គិចគ្នា រវាងប្រទេសទាំងពីរ នៅតែបន្តមានលើបញ្ហាជាច្រើន រួមទាំងបញ្ហាជំនួញ បច្ចេកវិទ្យា បញ្ហាតំបន់ស៊ីនជាំង និងជាពិសេសនោះ គឺបញ្ហាតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ។

បទវិចារណកថា ដែលសរសេរជាភាសាអង់គ្លេស លើកាសែត China Daily នៅថ្ងៃចន្ទនេះ បាននិយាយថា វាទំនងជាលោក ស៊ី ជីនពីង នឹងជំរុញលោក បៃដិន ថា ទីក្រុងប៉េកាំងមានការប្តេជ្ញា ធ្វើការបង្រួបបង្រួមជាតិ នៅក្នុងពេលអនាគត ដោយមិនគិតពីទំហំ នៃការចំណាយនោះទេ ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នោះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានទីក្រុងវ៉ាស៊ីនតោន មិនឲ្យចេញសញ្ញាខុសដលកងកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top