ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មថ្មីលើ ប្រទេសបេឡារុសនិងក្រុមហ៊ុនអាកាសចរណ៍ ជុំវិញការកើនឡើងនៃវិបត្តិព្រំដែន

បរទេស៖សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងបង្កើនការដាក់ទណ្ឌកម្មលើប្រទេសបេឡារុស ដែលនៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការ ចោទប្រកាន់របស់ប្រទេស លោកខាងលិច ដែលថា ខ្លួនកំពុងជំរុញឲ្យមានវិបត្តិអន្តោប្រវេសន៍ ធ្វើឲ្យមនុស្សរហូតដល់ទៅ៤.០០០នាក់ ជាប់នៅក្នុងព្រៃមានអាកាសធាតុដ៏ត្រជាក់ ស្ថិតតាមព្រំដែនបេឡារុសនិងប៉ូឡូញ។

ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចប្រជុំនៅក្នុងទីក្រុងព្រួចសែល ដើម្បីព្រមព្រៀងគ្នាស្តីពីចំណាត់ការដាក់សម្ពាធបន្ថែមទៀតលើប្រទេសបេឡារុស ដែលមានមេដឹកនាំ គឺលោក Alexander Lukashenko បានធ្វើការបង្ក្រាបលើក្រុមអ្នកតវ៉ា ដែលចោទថាការបោះឆ្នោតដែលលោកជាប់ជាប្រធានាធិបតីនោះ មានការក្លែងបន្លំ។

សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស បានដាក់ទណ្ឌកម្មលើទីក្រុង Minsk សម្រាប់ការបំពានសិទ្ធិមនុស្ស ហើយក្នុងរយៈពេលតិចជាងមួយឆ្នាំ ក្រោយការបោះឆ្នោតក្នុងខែសីហា ឆ្នាំ២០២០មក ជនអន្តោប្រវេសន៍មកពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន កុងហ្គោ និងកាមេរូន បានចាប់ផ្តើមបង្ហាញខ្លួននៅតាមព្រំដែនដីគោកនានារបស់ប្រទេសបេឡារុសជាប់នឹងសហភាពអឺរ៉ុប ដោយព្យាយាមឆ្លងចូលទៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប គឺប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ។

នៅក្នុងពេលធ្វើដំណើរទៅដល់កន្លែងពិភាក្សាគ្នាជាមួយដៃគូនានារបស់លោក រដ្ឋមន្ត្រីសហភាពអឺរ៉ុបមកពីអាល្លឺម៉ង់ លោក Haiko Maas បានមានប្រសាសន៍ដូច្នេះថា “អ្វីដែលយើងមើលឃើញនៅក្នុងទីក្រុង Minsk គឺថា ប្រព័ន្ធអមនុស្សធម៌នៃការប្រើប្រាស់ជនភៀសខ្លួន ជាឧបករណ៍ដាក់សម្ពាធលើសហភាពអឺរ៉ុបនេះ មិនបានមានភាពល្អប្រសើរឡើងនោះទេ ប៉ុន្តែក្លាយជាកាន់តែអាក្រក់ជាងថ្ងៃមុនៗ”៕ប្រែសម្រួល ប៉ាង កុង

To Top