ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនួញអាមេរិក ជំរុញឲ្យកាត់បន្ថយពន្ធគយលើទំនិញចិន ខណៈសម្ពាធអតិផរណាកំពុងកើនឡើង

វ៉ាស៊ីនតោន៖ សមាគមធុរកិច្ចអាមេរិកប្រហែលជាង ២៩នាក់បានជំរុញឱ្យរដ្ឋបាលលោក បៃដិន កាត់បន្ថយពន្ធលើទំនិញចិន ដើម្បីផ្តល់ការសង្គ្រោះដល់ប្រជាជនអាមេរិក ចំពេលមានការកើនឡើងសម្ពាធអតិផរណា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមាគមធុរកិច្ចដែលដឹកនាំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន បានឲ្យដឹងនៅក្នុងលិខិតមួយផ្ញើជូនតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine ថា “ពន្ធដាក់ឱ្យអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្តបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចដល់អាជីវកម្មអាមេរិក កសិករ កម្មករ និងក្រុមគ្រួសារ”។

យោងតាមលិខិតនោះបានឱ្យដឹងថា អ្នកនាំចូលអាមេរិកបានបង់ប្រាក់ជាង ១១០ពាន់លានដុល្លារអាមេរិក សម្រាប់អ្វីដែលគេហៅថា “ផ្នែក ៣០១” ពន្ធលើទំនិញរបស់ចិន ដែលក្នុងនោះប្រហែល ៤០ពាន់លានដុល្លារត្រូវបានវាយតម្លៃក្នុងអំឡុងពេលរដ្ឋបាលលោក បៃដិន ។

លិខិតនោះបានឲ្យដឹងថា “ការចំណាយទាំងនេះ រួមផ្សំដោយសម្ពាធអតិផរណាផ្សេងទៀត ដាក់បន្ទុកយ៉ាងសំខាន់លើអាជីវកម្មអាមេរិក កសិករ និងគ្រួសារ ដែលព្យាយាមងើបឡើងវិញពីឥទ្ធិពលនៃជំងឺរាតត្បាត” ។

លិខិតនោះបានឲ្យដឹងទៀតថា “យើងយល់ស្របនឹងការអត្ថាធិប្បាយថ្មីៗរបស់លេខាធិការ Yellen ដែលថា ពន្ធគយមាននិន្នាការបង្កើនតម្លៃក្នុងស្រុក និងបង្កើនថ្លៃដើមដល់អ្នកប្រើប្រាស់ និងអាជីវកម្ម ដោយសារតម្លៃថ្លៃដើមខ្ពស់ ហើយការបញ្ចុះពន្ធអាមេរិក និងចិន អាចជួយបន្ធូរបន្ថយអតិផរណា” ដោយជំរុញឱ្យរដ្ឋបាលលោក បៃដិន ធ្វើការ ឆ្ពោះទៅរកការដកចេញនូវផ្នែកទី៣០១ ពន្ធលើទំនិញចិន។

លិខិតនោះបានបញ្ជាក់ថា “យើងក៏ស្នើសុំឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីពង្រីកយ៉ាងសំខាន់នូវដំណើរការលើកលែងពន្ធ ដើម្បីផ្តល់ការសង្គ្រោះបន្ថែមដល់ជនជាតិអាមេរិក”។

សមាគមធុរកិច្ចចំនួន ២៤នាក់ ផ្សេងទៀតដែលបានចុះហត្ថលេខាលើលិខិតនោះរួមមាន សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក តុមូលធុរកិច្ច សហព័ន្ធលក់រាយជាតិ សហព័ន្ធការិយាល័យកសិកម្មអាមេរិក និងសមាគមឧស្សាហកម្ម Semiconductor ។

ជនជាតិអាមេរិកសម្រាប់ពាណិជ្ជកម្មសេរី ដែលជាសម្ព័ន្ធនៃសមាគមឧស្សាហកម្មជាង ១៥០នាក់ ដែលរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងពន្ធនោះ ថ្មីៗនេះក៏បានជំរុញឱ្យរដ្ឋបាលលោក បៃដិន ដកពន្ធលើការនាំចូលពីប្រទេសចិន ចំពេលមានការព្រួយបារម្ភជាបន្តលើអតិផរណា៕

ដោយ ឈូក បូរ៉ា

To Top