ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ CCTV៖ លោក Joe Biden ប្រាប់លោក Xi Jinpingថា អាមេរិកមិនគាំទ្រ ឯករាជ្យភាពរបស់កោះតៃវ៉ាន់ឡើយ

បរទេស៖ នៅថ្ងៃច័ន្ទ ជំនួបកំពូលតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden បានប្រព្រឹត្តទៅ ដោយមេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផលប្រយោជន៍រួម។ កិច្ចប្រជុំតាមអ៊ីនធឺណិតត្រូវបានធ្វើឡើងចំពេលមានភាពតានតឹងកើនឡើងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយប្រធានាធិបតីចិន Xi Jinping ថា សហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ” និងមិនគាំទ្រ “ឯករាជ្យភាពរបស់កោះតៃវ៉ាន់” នោះទេ។ នេះបើតាមទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីនេះ។

ផ្ទាំងពាណិជ្ជកម្ម

ទូរទស្សន៍ CCTV បានដកស្រង់សម្តីលោក Biden ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន និងយូរអង្វែងចំពោះគោលនយោបាយ “ចិនតែមួយ” សហរដ្ឋអាមេរិក មិនគាំទ្រ ‘ឯករាជ្យភាពរបស់តៃវ៉ាន់’ ហើយសង្ឃឹមថានឹងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់” ។

លោក Joe Biden បានកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំនេះថា សហរដ្ឋអាមេរិក ក៏មិនមានបំណងផ្លាស់ប្តូរប្រព័ន្ធរបស់ប្រទេសចិន ឬចូលទៅក្នុងជម្លោះជាមួយទីក្រុងប៉េកាំង នោះដែរ។ នេះបើយោងតាមទូរទស្សន៍ CCTV ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×