បរទេស៖ ប៉ូលិសក្រុងបាងកក ប្រទេសថៃ បានច្រានចោលការចោទប្រកាន់ថា គ្រាប់កាំភ្លើងពិតត្រូវបានប្រើប្រាស់ប្រឆាំង នឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីរសៀលថ្ងៃអាទិត្យ ដោយនិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុករ ៣នាក់បានរងរបួស នៅពេលមានការបាញ់ប្រហារ ទៅលើហ្វូងមនុស្សនៅម៉ោង ប្រហែល៥ល្ងាច កាលពីថ្ងៃអាទិត្យ។ សមាជិកនៃរណសិរ្សរួបរួម Thammasat and Demonstration, Thalu Fah, ក្រុមស្តារលទ្ធិប្រជាធិបតេយ្យ, ចលនា Ratsadon និងអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នា នៅវិមានប្រជាធិបតេយ្យនៅម៉ោង ៣ រសៀល ហើយរកាត់ផ្លូវបំបែក Pathumwan ទៅកាន់ស្ថានទូតអាល្លឺម៉ង់។
គោលបំណងរបស់ពួកគេ គឺដើម្បីដាក់សេចក្តីថ្លែងការណ៍ ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញប្រឆាំងនឹងមេដឹកនាំ គាំទ្រលទ្ធិប្រជាធិបតេយ្យ Arnon Nampa, Panupong “Mike” Jadnok និង Panusaya “Rung” Sithijirawattanakul ។ តុលាការបានអះអាងថា សេចក្តីថ្លែងការណ៍ ១០ ចំណុចស្តីពីកំណែទម្រង់ រាជាធិបតេយ្យ ដែលអានដោយ Panusaya កាលពីឆ្នាំមុនមានគោលបំណងទម្លាក់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របស់ប្រទេសថៃ។ ក្រុមអ្នកតវ៉ានិយាយថា សាលក្រមនេះនឹងនាំមកវិញ នូវរបបរាជានិយមផ្តាច់មុខ៕ ប្រែសម្រួលៈ ណៃ តុលា