ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន មេដឹកនាំកំពូល កូរ៉េខាងជើង ទៅទស្សនកិច្ចនៅក្រុងភាគខាងជើងប្រទេស

ព្យុងយ៉ាង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានទៅទស្សនាទីក្រុង Samjiyon ភាគខាងជើង ដើម្បីសិក្សាអំពីគម្រោងសាងសង់របស់ខ្លួន ។

របាយការណ៍បានដកស្រង់សម្តីលោក គីម ដែលបានថ្លែងនៅក្នុងអំឡុងពេលអធិការកិច្ចថា “ខ្ញុំរីករាយណាស់ដែលគិតថារឿងដ៏មោទនភាពមួយដែលត្រូវបានស្វាគមន៍ដោយប្រជាជនត្រូវបានធ្វើ។ ខ្ញុំពេញចិត្តខ្លាំងណាស់” ។

យោងតាមរបាយការណ៍ គម្រោងទីក្រុងនេះ រួមមានការសាងសង់លំនៅដ្ឋានសម្រាប់រាប់ពាន់គ្រួសារ អគារសាធារណៈ និងផលិតកម្ម កន្លែងអប់រំ ប្រព័ន្ធផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូ ផ្លូវថ្នល់ ដាំដើមឈើ និងសួនបៃតង និងប្រព័ន្ធបណ្តាញអគ្គិសនី។

ផ្ទាំងពាណិជ្ជកម្ម

លោកបានឲ្យដឹងទៀតថា ការសាងសង់ទីក្រុង Samjiyon គឺជាចំណុចចាប់ផ្តើមនៃបដិវត្តន៍ថ្មីមួយ ដើម្បីដឹកនាំប្រជាជនក្នុងតំបន់ទៅកាន់ជីវភាពរស់នៅបែបអរិយធម៌ និងវប្បធម៌ ដោយលោកបានពណ៌នា Samjiyon ជាគម្រោងគំរូដែលគួរអនុវត្តតាមនៅតាមតំបន់ជនបទទូទាំងប្រទេស។

លោកបានមានលើកឡើងថា សមិទ្ធិផល បទពិសោធន៍ និងស្តង់ដារដែលទទួលបានតាមរយៈការសាងសង់ទីក្រុង Samjiyon បម្រើជាគោលការណ៍ណែនាំត្រឹមត្រូវសម្រាប់ការជំរុញគោលនយោបាយរបស់គណបក្សក្នុងការកសាងមូលដ្ឋានក្នុងទិសដៅត្រឹមត្រូវ ហើយនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបន្តការតស៊ូដើម្បីចាប់ផ្តើមថ្មី សម្រាប់ការផ្លាស់ប្តូរតំបន់៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×