ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ពីទំនាក់ទំនងជាមួយជប៉ុន និងកូរ៉េខាងត្បូង បើទោះមិនមានសន្និសីទសារព័ត៌មាន

វ៉ាស៊ីនតោន៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្តី Wendy Sherman បានលើកឡើងថា សហរដ្ឋអាមេរិកបានអះអាងជាថ្មីជាមួយជប៉ុន និងកូរ៉េខាងត្បូងនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង និងបញ្ហាផ្សេងទៀត ប៉ុន្តែអវត្តមានរបស់សមភាគីទាំងពីរនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏អាក្រក់រវាងប្រទេសទាំងពីរ នៃសម្ព័ន្ធមិត្តអាស៊ី។

នៅទីក្រុងតូក្យូ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានលើកឡើងថា ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីអ្វីដែលគេសន្មត់ថា ជាសន្និសីទកាសែតបីផ្លូវជុំវិញជម្លោះជាមួយទីក្រុងសេអ៊ូល អំពីកោះពីរដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង ដែលទាមទារដោយប្រទេសជប៉ុន ដែលគេស្គាល់ថា កោះ Takeshima នៅក្នុងប្រទេសជប៉ុន និង កោះDokdo នៅកូរ៉េខាងត្បូង។

ការវិវឌ្ឍន៍ចុងក្រោយនេះបានកើតឡើងបន្ទាប់ពីប្រមុខប៉ូលីសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានទៅទស្សនាកោះក្នុងសមុទ្រជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកស្រី Sherman ដែលអង្គុយតែម្នាក់ឯងសម្រាប់សន្និសីទសារព័ត៌មាននៅក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ភាពខុសគ្នាទ្វេភាគីមួយរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែល “មិនពាក់ព័ន្ធ” ទៅនឹងកិច្ចប្រជុំត្រីភាគី បាននាំឱ្យមានការផ្លាស់ប្តូរ។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែលោកស្រីបានបន្ថែមថា កិច្ចប្រជុំនេះគឺ “ស្ថាបនាណាស់” ដែល “បង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាទម្រង់ត្រីភាគីជាមួយសហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ មានសារៈសំខាន់ និងមានឥទ្ធិពលខ្លាំង”។

ក្រសួងការបរទេសបាននឹងកំពុងរៀបចំផែនការធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកស្រី Sherman អនុរដ្ឋមន្ត្រីការបរទេសជប៉ុន Takeo Mori និងអនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូងលោក Choi Jong Kun បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរបស់ពួកគេ ដែលមានរយៈពេលជាង ៣ម៉ោង។

រដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកូរ៉េខាងត្បូង ដោយសង្ឃឹមថា សម្ព័ន្ធមិត្តអាស៊ីទាំងពីរ នឹងទុកចោលប្រវត្តិសាស្ត្រសម័យសង្គ្រាម និងជម្លោះទឹកដី ហើយធ្វើការជាមួយគ្នាក្នុងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការកើនឡើងនៃឥទ្ធិពលរបស់ចិន៕

ដោយ ឈូក បូរ៉ា

To Top
×