ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ប្រាប់ចិន ឲ្យដកថយក្រោយ មានការប៉ះទង្គិចគ្នា នៅដែនសមុទ្រ ចិនខាងត្បូង

បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយនាវារបស់ហ្វីលីពីន ដែលកំពុងតែដឹកគ្រឿងផ្គត់ផ្គង់ស្បៀងអាហារ ទៅឲ្យបុគ្គលិកយោធាប្រចាំការ នៅជិតនោះ បានបង្ខំចិត្តបោះបង់បេសកកម្មរបស់ខ្លួន តែមិនមានសេចក្តីរាយការណ៍ថា មានអ្នករងរបួសនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានក្រសួងការបរទេសចែករំលែក លើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Teodoro Locsin បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទង្វើរបស់នាវាកងកម្លាំងការពារដែនសមុទ្រចិននេះ គឺជាទង្វើខុសច្បាប់។ ប្រទេសចិន គ្មានសិទ្ធិអនុវត្តច្បាប់ នៅក្នុងនិងនៅជុំវិញតំបន់ទាំងនេះនោះទេ ពួកគេត្រូវតែមានការប្រុងប្រយ័ត្ន និងដកថយចេញ”។

ចំណែកលោក Karlo Nograles ជាមន្ត្រីនាំពាក្យស្តីទីរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយនៅក្នុងសេចក្តី្ថថ្លែងការណ៍មួយយ៉ាងដូច្នេះថា “យើងនឹងបន្តធ្វើការអះអាងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់យើង លើទឹកដីរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top