ព័ត៌មានអន្តរជាតិ

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ី សាអូឌីត បើកការវាយប្រហារ តាមដែនអាកាស មកលើជំរុំគ្រប់គ្រង ដោយឧទ្ទាមហួធី នៅយេមែន

សាណាអា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារ តាមអាកាសជាច្រើនលើជំរុំយោធាដែលគ្រប់គ្រង ដោយកងជីវពល ហួធី ក្នុងរដ្ឋធានី Sanaa ប្រទេសយេមែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទូរទស្សន៍ al-Masirah TV គ្រប់គ្រងដោយក្រុមហួធី បានរាយការណ៍ឲ្យដឹង ។

ទូរទស្សន៍បានឲ្យដឹងថា ការវាយប្រហារ តាមអាកាសបានវាយប្រហារជំរុំ Dhahban និង Al-Nahdayn នៅភាគខាងជើង និងភាគខាងត្បូង នៃទីក្រុង Sanaa ទូរទស្សន៍បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ។

ផ្ទាំងពាណិជ្ជកម្ម

ការវាយប្រហារ តាមអាកាសបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីទូរទស្សន៍ Al-Arabiya គ្រប់គ្រងដោយប្រទេសអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ក្រុមចម្រុះបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក ដែលសំដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Abha របស់ប្រទេសអារ៉ាប៊ីសាអូឌីត ។

កងជីវពល ហួធី គាំទ្រដោយអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានបង្កើនការវាយប្រហារ ដោយមីស៊ីលឆ្លងព្រំដែន និងយន្តហោះគ្មានមនុស្សបើក។ កាលពីខែកុម្ភៈ ក្រុមឧទ្ទាមយេមែន បានចាប់ផ្តើមការវាយលុកដ៏ធំមួយ ប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដើម្បីដណ្តើមយកខេត្ត Marib ដែលសម្បូរប្រេង នៅកណ្តាលប្រទេសយេមែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×