ព័ត៌មានអន្តរជាតិ

ចិន-អាស៊ាន ចាំបាច់ត្រូវបន្ដការសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវបន្តការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា បង្កើតភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយកត្តាអវិជ្ជមានផ្សេងៗដែលអាចគំរាមកំហែង ឬបំផ្លាញសន្តិភាព។

លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ស៊ី បានលើកឡើងថា “ការរក្សាសន្តិភាពគឺជាផលប្រយោជន៍រួមដ៏ធំបំផុតរបស់យើង និងជាក្តីប្រាថ្នាដ៏គួរឱ្យស្រឡាញ់បំផុតរបស់ប្រជាជននៃប្រទេសទាំងអស់។ យើងត្រូវបម្រើជាអ្នកកសាង និងជាអ្នកការពារសន្តិភាពនៅក្នុងតំបន់” ។

លោក បានបន្ដថា “យើងត្រូវអនុវត្តលទ្ធិពហុភាគីនិយមពិតប្រាកដ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលកិច្ចការអន្តរជាតិ និងតំបន់ត្រូវបានដោះស្រាយតាមរយៈការពិភាក្សាក្នុងចំណោមពួកយើងទាំងអស់គ្នា”។

ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវអនុត្តរភាព និងនយោបាយអំណាច។ លោក ស៊ី បានកត់សម្គាល់ថា ប្រទេសចិន បន្តការរួមរស់ប្រកបដោយមិត្តភាពយូរអង្វែងជាមួយប្រទេសជិតខាង ហើយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់៕

ដោយ ឈូក បូរ៉ា

To Top