ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ទាមទារ ឲ្យ អ៊ីស្រាអែល ប្រគល់សាកសព ប៉ាឡេស្ទីន ៩០ នាក់ ដែលត្រូវបានរក្សា ទុកជាច្រើន ឆ្នាំ

រ៉ាម៉ាឡា ៖ ប្រជាជនប៉ាឡេស្ទីន រាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងជេនីន នៃតំបន់វេសបែង ដោយទាមទារឱ្យប្រគល់សាកសពប៉ាឡេស្ទីនចំនួន ៩០នាក់ មកវិញដែលអ៊ីស្រាអែល បានទុកអស់ រយៈពេលជាច្រើនឆ្នាំ ។

នាយកនៃអង្គការ សិទ្ធិមនុស្សប៉ាឡេស្ទីន “មជ្ឈមណ្ឌលជំនួយផ្នែកច្បាប់ ក្រុងយេរ៉ូសាឡឹម” លោក Issam Arouri បានប្រាប់ការជួបជុំនេះថា ក្រៅពីការរក្សាទុកសាកសព ចំនួន ៩០នាក់ នៅក្នុងកន្លែងបញ្ចុះសព របស់អ៊ីស្រាអែល អាជ្ញាធរអ៊ីស្រាអែល ក៏បានបញ្ចុះសពចំនួន ២៥៤នាក់ផ្សេងទៀតនៅក្នុងទីបញ្ចុះសព ដែលមានលេខរៀងផងដែរ ។

លោកបានបន្ថែមថា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ប៉ាឡេស្ទីនលោក Mohammed al-Shalaldeh គ្រោងនឹងបន្តបញ្ហានេះនៅអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រុមអ្នកសង្កេតការណ៍ប៉ាឡេស្ទីនជឿថា អ៊ីស្រាអែល កំពុងតម្កល់សាកសព ប៉ាឡេស្ទីន ជាបន្ដបន្ទាប់ ក្នុងកិច្ចព្រមព្រៀងដោះដូរ អ្នកទោសនាពេល អនាគតណាមួយ។

ផ្ទាំងពាណិជ្ជកម្ម

នៅឆ្នាំ២០១៧ អ្មកស្លាបប្រដាប់អាវុធ នៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) នៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសថា ខ្លួនបានឃុំឃាំង ជនជាតិអ៊ីស្រាអែល ៤នាក់រួមទាំងទាហានពីរនាក់និងជនស៊ីវិលពីរនាក់ ដោយមិនផ្តល់ព័ត៌មានលម្អិត អំពីជោគវាសនា របស់ពួកគេនោះឡើយ។

ក្នុងឆ្នាំ២០១១ អេហ្ស៊ីប បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ដោះដូរអ្នកទោសរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអ៊ីស្រាអែល បានដោះលែងអ្នកទោស ប៉ាឡេស្ទីន ជាង ១០០០នាក់ ជាថ្នូរនឹងការដោះលែងទាហានអ៊ីស្រាអែល Gilad Shalit ។ នេះ ជា កិច្ចព្រមព្រៀង ដោះដូរ អ្នកទោស ដំបូង និង តែមួយគត់ រវាង អ៊ីស្រាអែល និង ក្រុម ហាម៉ាស ក្នុង រយៈពេល ១០ឆ្នាំ ៕

ដោយ ឈូក បូរ៉ា

To Top