បរទេស ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ អ៊ីស្រាអែល លោក Avigdor Lieberman បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់ អាចនឹងមានអាវុធនុយក្លេអ៊ែ នៅក្នុងរយៈពេល៥ឆ្នាំទៀត ហើយលោកបន្ថែមថា ដំណើរវិវត្តន៍បែបនេះ នឹងមិនត្រូវទទួលរង ឥទ្ធិពលពីកិច្ចពិភាក្សាគ្នា បច្ចុប្បន្នរបស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក លើកិច្ចព្រមព្រៀងថ្មី ដើម្បីទប់ស្កាត់បច្ចេកវិទ្យា នុយក្លេអ៊ែនោះឡើយ ។
លោក Avigdor Lieberman ដែលជាផ្នែក នៃគណៈរដ្ឋមន្ត្រីសន្តិសុខ របស់លោកនាយករដ្ឋមន្ត្រី Naftali Bennett នោះ បានថ្លែងប្រាប់យ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតមួយ ស្តីពីការបម្រុង ថវិកា សម្រាប់ផែនការយោធាអ៊ីស្រាអែល ស្តីពីអ៊ីរ៉ង់ នេះបើតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ផងដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានបង្ហាញនូវការត្រៀមលក្ខណៈ ដើម្បីបង្កើនការប្រឈមមុខ របស់អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ និង បានលើកឡើងជាថ្មីថា ប្រទេសរបស់លោក នឹងមិនត្រូវបានចង ដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ថ្មីណាមួយនោះទេ ។
លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែលរូបនេះ បាននិយាយប្រាប់សន្និសីទមួយដែលរៀបចំ ដោយសាកលវិទ្យាល័យ Reichman University យ៉ាងដូច្នេះថា “យើងប្រឈមមុខនឹងពេលវេលាដ៏ស្មុគស្មាញ ហើយវាអាចទៅរួចដែលថា នឹងមានជម្លោះជាមួយមិត្ត ដ៏ល្អបំផុតរបស់យើង” ៕
ប្រែសម្រួល៖ប៉ាង កុង