ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់-IAEA ព្រមព្រៀងបន្ដការចរចា និងកិច្ចសហប្រតិបត្ដិការ លើកង្វល់រួម

តេអេរ៉ង់៖ អ៊ីរ៉ង់ និងទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា ពួកគេបានយល់ព្រមបន្តការចរចា និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើផ្នែកដែលមានកង្វល់រួម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃអង្គារបានជួបជាមួយលោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) និងលោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។

នៅក្នុងសន្និសីទសារព័ត៌មានរួម តាមកញ្ចក់ទូរទស្សន៍ ដែលបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំនៅឯកន្លែង AEOI លោក Grossi និងEslami បានប្រកាសថា ពួកគេនឹងបន្តការចរចាររហូតដល់ជម្លោះ ដែលនៅសល់ត្រូវបានដោះស្រាយ។

លោក Eslami បានលើកឡើងថា ទីភ្នាក់ងារនេះមានសំណួរមួយចំនួនទៅកាន់ប្រទេសអ៊ីរ៉ង់ “ដោយផ្អែកលើឯកសារ ដែលបានចេញផ្សាយ ដោយសត្រូវរបស់យើង” ដោយបន្ថែមថា “សំណួរមួយចំនួនត្រូវបានឆ្លើយ ហើយខ្លះទៀតនៅតែមាន” ។

ប្រធាន AEOI បានលើកឡើងថា “ផ្នែកនៃសំណួរទាំងនេះត្រូវបានដោះស្រាយ និងបិទ” នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

ផ្ទាំងពាណិជ្ជកម្ម

លោក​បាន​បន្ថែម​ថា​”យើង​បាន​យល់​ព្រម​នៅ​ថ្ងៃ​នេះ ដើម្បី​បញ្ចប់​បញ្ហា​ទាំង​នេះ ការ​ចរចា​ដែល​នៅ​តែ​បន្ត”។ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យផ្សេងៗ ហើយ “ទីភ្នាក់ងារនឹងជួយយើងក្នុងរឿងនេះ” ។

លោក Eslami បានលើកឡើងថា “យើងមានផែនការក្នុងការកសាងសមត្ថភាព ផលិតថាមពលនុយក្លេអ៊ែរ យ៉ាងតិច ១០០០០MW នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសដោយរោងចក្រថាមពលតូចៗ ដែលនីមួយៗមានថាមពលអតិបរមា ៣០០MW” ដោយបន្ថែមថាលោកសង្ឃឹមថាទីភ្នាក់ងារនេះនឹងបញ្ចុះបញ្ចូល និងគាំទ្រដល់ប្រទេសនានា ដែលមានបច្ចេកវិទ្យា ដើម្បីជួយប្រទេសអ៊ីរ៉ង់ អភិវឌ្ឍសមត្ថភាពថាមពលនុយក្លេអ៊ែររបស់ខ្លួន។

សម្រាប់ផ្នែករបស់លោកវិញ លោក Grossi ដែលបានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ភាគីទាំងពីរក្នុងអំឡុងពេល ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក នៅទីក្រុងតេអេរ៉ង់ ក្នុងខែកញ្ញា “បានយល់ព្រមបន្តការងាររួមគ្នារបស់យើង លើការបំភ្លឺអំពីបញ្ហាមួយចំនួន ហើយបន្តនិងធ្វើឱ្យកិច្ចសន្ទនា កាន់តែស៊ីជម្រៅជាមួយ  រដ្ឋាភិបាល​អ៊ីរ៉ង់”៕

ដោយ ឈូក បូរ៉ា

To Top
×