ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងអូស្រ្តាលី៖ រដ្ឋាភិបាល អូស្រ្តាលី កំពុងលេងល្បែងគ្រោះថ្នាក់ ជុំវិញបញ្ហាកោះតៃវ៉ាន់

បរទេស៖ អ្នកនាំពាក្យកិច្ចការបរទេសរបស់គណបក្សប្រឆាំង នៅក្នុងប្រទេស អូស្រ្តាលី បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison កំពុងដាក់ពង្រាយ “យុទ្ធសាស្ត្របោះឆ្នោតដ៏គ្រោះថ្នាក់” ជាមួយនឹងការបញ្ចេញមតិរបស់ខ្លួនអំពីការចូលរួមជាមួយសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមណាមួយលើកោះតៃវ៉ាន់។

យោងតាមគេហទំព័រ MSN ចេញផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton កាលពីដើមខែនេះ បាននិយាយថា វាពិតជាមិនអាចយល់បាន ដែលរដ្ឋាភិបាលទីក្រុងកង់បេរ៉ា នឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងសកម្មភាពយោធា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់ ដែលជាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកជាខេត្តដែលរឹងរូស។

លោក Penny Wong អ្នកនាំពាក្យកិច្ចការបរទេសនៃគណបក្សការងារ ដែលជាបក្សប្រឆាំងបាននិយាយថា ការអត្ថាធិប្បាយរបស់លោក Dutton គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតដែលត្រូវតែកើតឡើងមុនខែឧសភា ឆ្នាំ 2022។ លោក Wong បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សាកលវិទ្យាល័យជាតិអូស្ត្រាលីថា “ការបង្កើនលទ្ធភាពនៃសង្រ្គាមប្រឆាំងនឹងមហាអំណាច គឺជាយុទ្ធសាស្ត្រនៃការបោះឆ្នោតដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ដែលជាកលល្បិចដែលប្រើប្រាស់ដោយអ្នកនយោបាយគ្មានការទទួលខុសត្រូវ ដែលអស់សង្ឃឹមក្នុងការឡើងកាន់អំណាចក្នុងតម្លៃណាក៏ដោយ”៕ប្រែសម្រួលៈ ណៃ តុលា

To Top