ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ចង់ពិភាក្សា ជាមួយអាមេរិក ដើម្បីឱ្យទទួលស្គាល់ រដ្ឋាភិបាលខ្លួន និងឱ្យឈប់បង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន

បរទេស៖ អ្នកនាំពាក្យគឺលោក Suhail Shaheen បាននិយាយនៅថ្ងៃពុធថា ពួកតាលីបង់ចង់ពិភាក្សា ជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Doha អំពីបញ្ហានៃការទទួលស្គាល់ រដ្ឋាភិបាលរបស់ពួកគេ ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការកសាង ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ និងការមិនបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែល ក្រុមតាលីបង់បានបញ្ជាក់ថា ការចរចារថ្មី ជាមួយអាមេរិក នឹងចាប់ផ្តើមនៅកាតានៅសប្តាហ៍ក្រោយ។

លោក Shaheen បាននិយាយថា «ពួកគេអាចចូលរួមក្នុងការកសាង ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ និងធ្វើការបណ្តាក់ទុន នៅក្នុងប្រទេសរបស់យើង ហើយថែមទាំងមិនបង្កកទុនបម្រុង របស់ធនាគារអាហ្វហ្គានីស្ថាន ទទួលស្គាល់រដ្ឋាភិបាល នៃរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន ព្រោះវាចាំបាច់ណាស់ សម្រាប់ទំនាក់ទំនងទៅវិញទៅមក និងសម្រាប់ការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេស។ ដូច្នេះ ទាំងនេះជាប្រធានបទ ដែលត្រូវពិភាក្សា»។

សូមជម្រាបថា បន្ទាប់ពីពួកតាលីបង់ បានដណ្តើមអំណាច នៅអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលខែសីហា គឺធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្អាកជំនួយហិរញ្ញវត្ថុ ដែលពីមុនមានជិត 75% នៃការចំណាយសាធារណៈ របស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ រាប់ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិ របស់ធនាគារកណ្តាល អាហ្វហ្គានីស្ថាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top