ព័ត៌មានអន្តរជាតិ

អូស្រ្ដាលី ពិចារណាដើរតាមអាមេរិក ដោយធ្វើពហិការកីឡាអូឡាំពិក ក្រុងប៉េកាំង

ស៊ីដនី៖ អូស្ត្រាលី កំពុងពិចារណាលើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងធ្វើឡើងនៅខែកុម្ភៈខាងមុខ ចំពេលមានការព្រួយបារម្ភ ចំពោះសុខុមាលភាពរបស់កីឡាករវាយកូនបាល់ចិនលោកស្រី Peng Shuai នេះបើយោងតាមសារព័ត៌មាន Sydney Morning Herald។

យោងតាមរបាយការណ៍ ទីក្រុងកង់បេរ៉ា កំពុងពិចារណាមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលណាម្នាក់ទៅចូលរួមការប្រកួតរដូវរងា ខណៈដែលការអំពាវនាវឱ្យធ្វើពហិការការទូតកំពុងកើនឡើងក្នុងចំណោមសមាជិកសភា។  យ៉ាង​ណា​ក៏​ដោយ វិធានការ​នេះ​នឹង​មិន​រារាំង​អត្តពលិក​អូស្ត្រាលី ពី​ការ​ចូលរួមប្រកួត​នោះ​ទេ។

ប្រសិនបើអូស្ត្រាលី សម្រេចចិត្តមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលរបស់ខ្លួនទេនោះ ខ្លួននឹងចូលរួមជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ក្នុងការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាពិភពលោក ដែលចាត់ទុកថា ជាការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានចោទប្រកាន់របស់ចិនប្រឆាំងនឹងជនជាតិមូស្លីមអ៊ុយហ្គ័រ នៅតំបន់ស៊ីជាំង ភាគខាងលិចរបស់ខ្លួន។ 

ការព្រួយបារម្ភជាអន្តរជាតិក៏បានកើនឡើងផងដែរចំពោះសុវត្ថិភាពរបស់ Peng ដែលជាតារាវាយកូនបាល់ចិន បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមក្រោមឈ្មោះរបស់នាងកាលពីដើមខែវិច្ឆិកា បានអះអាងថា នាងមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយអតីតឧបនាយករដ្ឋមន្ត្រី Zhang Gaoli នៅពេលដែលលោកនៅជាមន្ត្រីគណបក្សកំពូលនៅទីក្រុងធានជីន។

ផ្ទាំងពាណិជ្ជកម្ម

ប្រជាជាតិប្រជាធិបតេយ្យបានសម្តែងការព្រួយបារម្ភថា លោកស្រីត្រូវបានអាជ្ញាធរចិនឃុំខ្លួន បើទោះបីជារូបថត និងវីដេអូចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដែលបង្ហាញថាលោកស្រី Peng សប្បាយចិត្ត និងមានសុខភាពល្អកាលពីចុងសប្តាហ៍មុន និងការហៅជាវីដេអូរយៈពេល ៣០នាទីរវាងលោកស្រី Peng និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach នៅ​ថ្ងៃអាទិត្យ។

ក្រោយមកកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានរិះគន់របាយការណ៍របស់កាសែតអូស្ត្រាលី ដោយថាការធ្វើពហិការការទូតនៃកីឡាអូឡាំពិកទីក្រុងប៉េកាំង នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អត្តពលិកទូទាំងពិភពលោកប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា “ប្រទេសចិនតែងតែប្រឆាំងដាច់ខាតនូវពាក្យសម្តី និងទង្វើណាមួយ ដែលធ្វើនយោបាយកីឡា និងប្រឆាំងនឹងស្មារតីនៃធម្មនុញ្ញអូឡាំពិក”៕ដោយ ឈូក បូរ៉ា

To Top