ព័ត៌មានអន្តរជាតិ

ស្លាប់៥២នាក់ នៅក្នុងហេតុការណ៍ ផ្ទុះចេញពីអណ្តូង រ៉ែធ្យូងថ្មនៅរុស្ស៊ី

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា មនុស្សសរុបចំនួន ៥២នាក់ រួមទាំងអ្នកជួយសង្រ្គោះ៦នាក់ ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីមានផ្សែងហុយ ចេញពីអណ្តូងរ៉ែធ្យូងថ្មមួយ កន្លែង នៅក្នុងតំបន់ Kemerovo នៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ។

វាជាឧបទ្ទវហេតុអណ្តូងរ៉ែ ដែលស្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេល៥ឆ្នាំ នៅក្នុងប្រទេសនេះ ។

យោងតាមទិន្នន័យបឋម មិនមានអ្នកនៅរស់រានមានជីវិត នៅក្នុងអណ្តូងរ៉ែ Listvyazhnaya នោះទេ សារព័ត៌មានTASS បានរាយការណ៍ថា សាកសពភាគច្រើននៅតែក្រោមដី ហើយនឹងត្រូវលើកមកលើផ្ទៃខាងលើ នៅពេលដែលសីតុណ្ហភាព និងកំហាប់មេតានបានរុញច្រានមកក្រៅ ។

សារព័ត៌មានបានគេរាយ ការណ៍មុននេះថា កម្មកររ៉ែ១១នាក់ ត្រូវបានបាត់បង់ជីវិតដោយសារតែការបញ្ឆេះ នៃធូលីធ្យូងថ្មនៅក្នុងបំពង់ខ្យល់ និងផ្សែងដែលកើតឡើង នៅជម្រៅ២៥០ម៉ែត្រ ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មនុស្ស៣៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ១៣នាក់ផ្សេងទៀត បានទទួលការព្យាបាលក្រៅផ្ទះ។

មានមនុស្ស២៨៥នាក់ នៅក្រោមដីនៅពេល ដែលគ្រោះថ្នាក់បានកើតឡើង ហើយភាគច្រើននៃពួកគេត្រូវបានទាញចេញពីអណ្តូងរ៉ែ ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្តែងនូវ “ការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត” ទៅកាន់ក្រុមគ្រួសារនៃសព។ តំបន់ Kemerovo បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×