ព័ត៌មានអន្តរជាតិ

ឥណ្ឌា នឹងបើកជើងហោះហើរ អន្តរជាតិឡើងវិញ បន្ទាប់ពីបានផ្អាក អស់រយៈពេល ជាង១៨ខែ ដោយរោគរាតត្បាតកូវីដ-១៩

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញនៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីបានផ្អាកអស់ រយៈពេលជាង១៨ ខែដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចំនួន១៤ នឹងត្រូវបានហាមឃាត់ មិនឱ្យហោះហើរអន្តរជាតិទៅ និងមកពីប្រទេសឥណ្ឌា រួមទាំងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សិង្ហបុរី បូស្វាណា ហូឡង់ ហ្វាំងឡង់ អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ផងដែរ ។

ការសម្រេចនេះត្រូវបានគេរាយការណ៍ថា យកទៅពិគ្រោះយោបល់ជាមួយ ក្រសួងសុខាភិបាលរួចរាល់ហើយ ។

ក្រុមមន្ត្រីបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌា មានផែនការសម្រាប់ធ្វើដំណើរ ដែលអនុញ្ញាតឱ្យមានជើងហោះហើរមួយចំនួន ក្នុងមួយសប្តាហ៍ ដែលនឹងបន្ត ។

ក្រសួងអាកាសចរណ៍ស៊ីវិល បានចាប់ផ្តើមជើងហោះហើរ ពិសេសមួយចំនួន ដើម្បីចម្លងប្រជាជនឥណ្ឌាដែលបានជាប់គាំង នៅក្នុងប្រទេសផ្សេងទៀត ក្នុងអំឡុងពេលជំងឺរាតត្បាត។ បន្ទាប់ពីជើងហោះហើរពិសេសទាំងនេះ ក្រសួងបានចុះកិច្ចព្រមព្រៀងពាក់ព័ន្ធ នឹងវិស័យអាកាសចរណ៍ ជាមួយប្រទេសមួយចំនួនដែលអនុញ្ញាត ឱ្យធ្វើដំណើរអន្តរជាតិ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top