ព័ត៌មានអន្តរជាតិ

បារាំង ចុះកិច្ចព្រមព្រៀង យន្តហោះចម្បាំង ជាមួយក្រូអាត

បរទេស៖ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខា លើកុងត្រាយន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Florence Parly បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងវត្តមានសមភាគីក្រូអាត របស់លោកស្រី និងរួមជាមួយប្រធានាធិបតីបារំាង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic។

កាលពីក្នុងខែឧសភា លោក Andrej Plenkovic បានមានប្រសាសន៍ប្រាប់ថា ប្រទេសក្រូអាតនឹងទិញយកយន្តហោះចម្បាំងបារាំង Dassault Rafale ចំនួន១២គ្រឿង ដើម្បីធ្វើទំនើបកម្មកងទ័ពជើងអាកាសរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឹកប្រាក់ ៩៩៩លានអឺរ៉ូ ស្មើនឹង១,១ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ប្រទេសក្រូអាតបានចូលរួមជាមួយ អង្គការសម្ពន្ធមិត្តយោធា ណាតូ នៅក្នុងឆ្នាំ២០០៩ និងសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៣ ហើយកងទ័ពជើងអាកាសប្រទេសនេះ មានកងយន្តហោះចម្បាំងផលិតដោយរុស្ស៊ី MiG-21 ប៉ុន្តែយន្តហោះទាំងនោះ ហួសសម័យទៅហើយ និងនៅធ្វើប្រតិបត្តិការត្រឹមតែពីរបីគ្រឿងប៉ុណ្ណោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top