ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ស្នើឲ្យពន្លឿនកិច្ចចរចាជុំវិញ ភាពតានតឹងយោធា កើនឡើង នៅអេត្យូពី

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីភាពតានតឹងយោធាកើនឡើង ក្នុងប្រទេសអេត្យូពី និងបានស្នើឲ្យមានកិច្ចចរចាបន្ទាន់ ជុំវិញវិបត្តិនោះ នេះបើយោងតាមសម្តីរបស់មន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការនិយាយបែបនេះពីក្រសួងការបរទេសអាមេរិកនោះ គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានម៉ោង បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី លោក Abiy Ahmed បានបង្ហាញខ្លួននៅសមរភូមិជួរមុខ ជាមួយកងទ័ពជាតិ។ 

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ned Price បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Blinken បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីសញ្ញាភាពតានតឹងយោធា កើនឡើងដ៏គួរឲ្យបារម្ភនៅក្នុងប្រទេសអេត្យូពី និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃបែរទៅរកកិច្ចចរចាគ្នាជាបន្ទាន់”។ 

គួរបញ្ជាក់ថា លោក Ned Price ដែលជាមន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិករូបនេះ បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីមានកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ រវាងប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក Uhuru Kenyatta  និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ៕  ប្រែសម្រួល៖ប៉ាង កុង 

To Top
×